រូបសំណាក់សក្ការៈបូជាកម្ពស់ជាង៥៤ ម៉ែត្រនឹងត្រូវសាងសង់នៅជិតប្រាសាទអង្គរវត្ត
មេដឹកនាំឥណ្ឌាផ្នែកជំនឿសាសនាហិណ្ឌូបានប្រកាសសាងសង់រូបសំណាក់មួយដែលមានកំពស់ ១៨០ ហ្វីត ឬ ប្រមាណជាង ៥៤ ម៉ែត្រ ដែលនឹងក្លាយជាទីសក្ការៈបូជាព្រហ្មញ្ញសាសនាឬហិណ្ឌូ ស្ថិតនៅក្បែរកន្លែងតំបន់ទេសចរណ៍អង្គរវត្ត ខេត្តសៀមរាប នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times ។
រូបសំណាករបស់ព្រះសិវៈនេះ នឹងក្លាយជាទីសក្ការៈបូជារបស់សាសនាហិណ្ឌូដែលមានតម្លៃម្រមាណជា ៥ លានរូពីឬស្នើទៅនឹង ៦៩,៧៨២ ដុល្លារអាមេរិក។
មេដឹកនាំឥណ្ឌាផ្នែកជំនឿសាសនាហិណ្ឌូ លោក Guruji Kumaran Swami ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន India Times ថា ទីសក្ការៈបូជាព្រះសិវៈនឹងមានចំងាយ ៣០ គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត ដែលជាប្រាសាទព្រះវិស្ណុដ៏ធំបំផុត។
ដោយបញ្ជាក់ថា ការស្ថាបនាមូលដ្ឋានគ្រឹះនៃរូបសំណាក់បានចាប់ផ្តើមរួចហើយនោះ លោក Guruji Kumaran Swami បានមានប្រសាសន៍ថា គំនិតនៃការបង្កើតនេះ គឺចង់អោយមនុស្សដែលមកទស្សនាទីសក្ការៈបូជារបស់ព្រះវិស្ណុនៅអង្គរវត្ត នឹងអាចទៅទស្សនារូបសំណាករបស់ព្រះសិវៈផងដែរ។
សម្រាប់អ្នកដែលជឿទៅលើសាសនាហិណ្ឌូ វាគឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបានទៅទស្សនាទីសក្ការៈបូជា យ៉ាងហោចណាស់ក្នុងមួយជីវិតឲ្យបានម្តង។ តាមរយៈជំនឿបែបនេះ គគេរំពឹងថានឹងអាចជួយទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ព្រហ្មញ្ញសាសនា។
ប្រាសាទអង្គរវត្ត គឺជាទិសដៅទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា។ ទីតាំងនេះត្រូវបានសាងសង់ឡើងជាប្រាសាទព្រហ្មញ្ញសាសនាឧទ្ទិសដល់ព្រះវិស្ណុនៃចក្រភពខ្មែរ។

