រោងចក្រធំមួយរបស់ចិន សម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកនៅកម្ពុជា ដោយសារ…
រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចរើទីតាំងពីមីយ៉ាន់ម៉ា មកវិនិយោគការផលិតនៅកម្ពុជាវិញ។ នេះបើតាមជំនួបរវាង ក្រសួងការងារ និង ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ កាលីថ្ងៃទី១៣ ខែ មីនា ឆ្នាំ២០២៣។
លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានឱ្យដឹង ខណៈបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ទើបជំរុញរោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ។ លោកថា៖«មូលហេតុចម្បងដែលជំរុញឱ្យមកវិយោគនៅកម្ពុជាវិញ ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា»។
ក្រៅពីការលើកឡើងនេះ លោកមានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយគ្រោងនឹងបើកដំណើរការ នៅក្នុងអំឡុងខែ មិថុនា ឆ្នាំ២០២៣ខាងមុខនេះថែមទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានក្រុមហ៊ុនខាងលើ បានជម្រាបពីប្រវត្តិខ្លះៗរបស់រោងចក្រដែរថា រោងចក្រនេះគឺត្រូវការបុគ្គលិកជិតមួយពាន់នាក់ ដើម្បីផលិតស្បែកជើងឱ្យបាន ៧០ម៉ឺនគូរក្នុងមួយខែ ក្នុងការនាំចេញទៅកាន់អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ហេតុនេះ លោកចង់បានអនុសាសន៍ពីឯកឧត្តមរដ្ឋមន្ត្រី ចំពោះការអនុវត្តច្បាប់របស់កម្ពុជា។
ជាការឆ្លើយតប ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានស្វាគមន៍ចំពោះអ្នកវិនិយោគទាំងអស់ ដែលបានបោះទុនវិនិយោគនៅទីនេះ។ ឯកឧត្តមបន្តថា កម្ពុជាមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ណាស់ សម្រាប់ធ្វើការអភិវឌ្ឍវិស័យមួយនេះ បើមានបញ្ហាអ្វីមួយកើតឡើង នឹងមានយន្តការសម្រាប់ដោះស្រាយ។
យ៉ាងណាមិញ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់ក្រុមហ៊ុន អល វីន ស៊ូ ចូលរួមគោរពច្បាប់របស់កម្ពុជា និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធវិស័យការងារផងដែរ៕
- Video Advertisement -