វៀតណាមនឹងបង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន ទៅអវកាសនៅចុងឆ្នាំ ២០២៤ នេះ
ផ្កាយរណបឈ្មោះ LOTUSat-1 មានទម្ងន់ ៦០០ គីឡូក្រាមប្រើប្រាស់បច្ចេកវិទ្យារ៉ាដាថ្មីបំផុត និងជាផ្កាយរណបបច្ចេកវិទ្យារ៉ាដាដំបូងបង្អស់របស់វៀតណាម LOTUSat-1 នឹងផលិតរួចរាល់ជាស្ថាពរនៅក្នុងខែមីនា ឆ្នាំ២០២៤ ហើយអាចនឹងបាញ់បង្ហោះឡើងទៅកាន់គន្លងតារាវិថីក្នុងរង្វង់ពីខែធ្នូ ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ នេះបើយោងតាមប្រភពពីអគ្គនាយករងនៃមជ្ឈមណ្ឌលអវកាសវៀតណាម និងការចុះផ្សាយរបស់ VOVWORLD កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤។
តាមប្រភពដដែលបានឱ្យដឹងថា គោលបំណងនៃបេសកកម្មលើកទី១នៃផ្កាយរណបរបស់វៀតណាមនេះ គឺដើម្បីផ្ដិតយករូបភាព និងផ្ដល់ទិន្នន័យច្បាស់ការណ៍សម្រាប់ប្រើប្រាស់ក្នុងគោលដៅកាត់បន្ថយផលប៉ះពាល់នៃគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គេដឹងថាការបង្ហោះបច្ចេកវិទ្យាដ៏សំខាន់នេះ ក៏បានពាំនាំយកនូវក្តីសុបិនរបស់វៀតណាមក្នុងការឡើងកាន់កាប់ឋានៈរបស់ខ្លួនក្នុងទីអវកាសទៅជាមួយផងដែរ។
លក្ខណៈពិសេសនៃឧបករណ៍នេះ គឺមានបំពាក់អង្គចាប់សញ្ញារលកវិទ្យុ ដែលមានគុណភាពកម្រិតភីកសែលបង្ហាញរូបភាពបាន ១ម៉ែត្រ ពោលគឺសំដៅលើកម្រិតនៃព័ត៌មានលម្អិតនៅក្នុងរូបភាពមួយភីកសែល តំណាងឱ្យផ្ទៃនៅលើដីដែលមានទំហំ ១ម៉ែត្រ។ ភីកសែលកម្រិតនេះ អាចអនុញ្ញាតឱ្យគេមើលឃើញវត្ថុទំហំចាប់ពីមួយម៉ែត្រនៅលើដី ព្រមទាំងមានសមត្ថភាពសង្កេតមិនចាញ់ពន្លឺ គឺអាចមើលបានទាំងថ្ងៃទាំងយប់ និងគ្រប់ស្ថានភាពអាកាសធាតុមិនថាពេលមានពពក ចុះអ័ព្ទ និងពេលគ្មានពន្លឺនោះទេ។
យោងតាមមជ្ឈមណ្ឌលអវកាសវៀតណាម ការសង្កេតមើលផែនដីពីទីអវកាសរបស់ផ្កាយរណបនេះ នឹងអាចគ្របដណ្តប់លើផ្ទៃដីវៀតណាមទាំងមូល និងជួយកាត់បន្ថយការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិបាន ១០ភាគរយ។
ក្រុមហ៊ុន NEC របស់ជប៉ុន គឺជាអ្នកផលិតផ្កាយរណប LOTUSat-1 និងបណ្ដុះបណ្ដាលធនធានមនុស្សដល់វៀតណាម នៅប្រទេសជប៉ុនសម្រាប់ផ្កាយរណបទី១។ ការបណ្ដុះបណ្ដាលធនធានមនុស្សនេះ គឺក្នុងបំណងផ្ទេរបច្ចេកវិទ្យានៃការអភិវឌ្ឍ ការដឹកជញ្ជូន និងការប្រើប្រាស់រូបភាពពីផ្កាយរណប។ ផ្កាយរណបដែលវៀតណាម នឹងបង្ហោះលើកទី២ គ្រោងនឹងផលិតនៅក្នុងប្រទេសវៀតណាមតែម្តង ដោយក្រុមហ៊ុនដដែល។ គម្រោងនេះត្រូវបានបើកដំណើរការនៅហាណូយ ចាប់ពីខែកញ្ញា ២០១២ ដោយប្រើប្រាស់ទុន ODA របស់ជប៉ុន និងទុនបដិភាគរបស់វៀតណាម។
ចាប់តាំងពីឆ្នាំ ២០០៦ រៀងមក ក្រោមការជួយជ្រោមជ្រែងរបស់អង្គការអវកាសជប៉ុន (JAXA) បណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (VAST) បានស្រាវជ្រាវ អភិវឌ្ឍ និងផលិតផ្កាយរណបខ្នាតតូចចំនួនបីគ្រឿង រួមមាន PicoDragon, Nano Dragon និង MicroDragon ហើយត្រូវបានធ្វើតេស្តសាកល្បងដោយជោគជ័យរួចមកហើយ៕
- Video Advertisement -