វៀតណាម-កម្ពុជា សហការគ្នាកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញតាមកំពង់ផែ២
កំពង់ផែតឹងកាងសាយហ្គន (Saigon Newport ) របស់វៀតណាម និងកំពង់ផែស្វយ័តភ្នំពេញ (PPAP) របស់កម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍និរន្តរភាពនៃអាជីវកម្ម និងជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងកម្ពុជា។
នៅក្នុងពិធីចុះអនុស្សរណៈនេះ នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ លោកស្រី ហ៊ឺ ផានិន អគ្គនាយករងទទួលបន្ទុកអាជីវកម្មប្រតិបត្តិការកំពង់ផែស្វយ័តភ្នំពេញ បានថ្លែងឱ្យដឹងថា ភស្តុភាររវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនយ៉ាងទូលំទូលាយ និងមានទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយនឹងព្រំដែនរួមគ្នា។
លោកស្រីបន្តថា ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់ សម្រាប់រយៈពេល ២០១៥-២០២២ បានកើនឡើងជាមធ្យម ១៨,៥5% ក្នុងមួយឆ្នាំ។ ក្នុងនោះពាណិជ្ជកម្មនៅឆ្នាំ២០២១ បានកើនឡើងយ៉ាងខ្លាំង ៧៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ បើទោះបីជាមានផលប៉ះពាល់យ៉ាងសំខាន់នៃជំងឺរាតត្បាត Covid-19 ក៏ដោយ។
លោកស្រីបន្ថែមថា វៀតណាមដើរតួនាទីជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ដែលអាចឱ្យទំនិញកម្ពុជាចូលទៅកាន់តំបន់កំពង់ផែសមុទ្រសំខាន់ៗ សម្រួលដល់ការនាំចេញទៅកាន់ប្រទេសនានាជុំវិញពិភពលោក។ ទន្ទឹមនឹងនោះ កម្ពុជាកាន់កាប់ទីតាំងយុទ្ធសាស្ត្រក្នុងអនុតំបន់មេគង្គ និងដើរតួនាទីយ៉ាងសំខាន់ក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដោយតភ្ជាប់ប្រទេសវៀតណាមជាមួយប្រទេសជិតខាងផងដែរ។
ក្រៅពីនេះ កំពង់ផែទាំងពីរ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការដឹកជញ្ជូនផងដែរ ដើម្បីពង្រឹងទំនាក់ទំនងការនាំទំនិញចេញ-ចូលរវាងប្រទេសវៀតណាម-កម្ពុជា។
តាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទំនុកចិត្តចំពោះកិច្ចសហប្រតិបត្តិការដឹកជញ្ជូននៅលើផ្លូវវៀតណាម-កម្ពុជាត្រូវបានចាត់ទុកថាជាធាតុផ្សំដ៏សំខាន់ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងស្រុក និងការពង្រឹងទំនាក់ទំនងការនាំទំនិញចេញ-ចូលរវាងប្រទេសវៀតណាម កម្ពុជា និងប្រទេសជិតខាងក្នុងតំបន់។
លើសពីនេះ វៀតណាម និងកម្ពុជានៅតែមានសក្ដានុពលសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យផ្សេងៗ រួមទាំងការផលិតទំនិញប្រើប្រាស់ ថាមពល អគ្គិសនី ការទាញយករ៉ែ កែច្នៃកសិកម្ម និងជលផល។
- Video Advertisement -