សមាគមធុរកិច្ចកូរ៉េ មកពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជា
គណៈប្រតិភូនៃសមាគមធុរកិច្ចនៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា (KOCHAM) បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគជាមួយកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។
នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូ (KOCHAM) ដឹកនាំដោយលោក Sungsoo Kim អគ្គនាយកប្រតិបត្តិ នៃគ្រឹស្ថានមីក្រូហិរញ្ញវត្ថុព្រែម (Prime MFI) កាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦។
ជំនួបនេះ ធ្វើដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងជំរុញបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើង ហើយបានឆ្លុះបញ្ចាំងពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងដាក់ចេញនូវយន្តការថ្មីៗ ដើម្បីដោះស្រាយបញ្ហាប្រឈម និងក្តាប់យកឱកាសវិនិយោគ។
នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកទឹកចិត្តឱ្យសមាគម KOCHAM ក៏ដូចជាក្រុមហ៊ុនកូរ៉េទាំងអស់ រាយការណ៍រាល់បញ្ហា ឬឧបសគ្គនានាដែលបានជួបប្រទះ ដើម្បីឱ្យរដ្ឋាភិបាលអាចជួយសម្របសម្រួលបានទាន់ពេលវេលា។ ឯកឧត្តមបន្តថា កម្ពុជាមានបំណងចង់ឃើញវត្តមានវិនិយោគិនកូរ៉េកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា និងបានជំរុញឱ្យ KOCHAM ជួយស្វែងរកគម្រោងវិនិយោគដែលស័ក្តិសមសម្រាប់ក្រុមហ៊ុនធំៗពីប្រទេសកូរ៉េ។
លោក Sungsoo Kim បានឱ្យដឹងថា វិនិយោគិនកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំងលើទីផ្សារកម្ពុជា ដោយសារកំណើននៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជានាពេលប៉ុន្មានឆ្នាំចុងក្រោយ។ លោកថា KOCHAM នឹងដើរតួនាទីជាស្ពានចម្លងដ៏សំខាន់ក្នុងការនាំយកកង្វល់ និងសំណូមពររបស់ធុរជនកូរ៉េ មកកាន់យន្តការពិភាក្សាផ្លូវការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។
នៅក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាបន្ថែមលើសកម្មភាពសំខាន់ៗមួយចំនួន ដើម្បីបង្កើនទំនុកចិត្ត និងពង្រីកបណ្តាញធុរកិច្ច រួមមាន៖ ការត្រៀមរៀបចំបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅកូរ៉េ ដែលគ្រោងធ្វើនៅត្រីមាសទី២ នៃឆ្នាំ២០២៦ សំដៅទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមពីកូរ៉េមកកាន់កម្ពុជាផងដែរ។ ក្នុងគោលដៅដើម្បីទាក់ទាញវិនិយោគិនកូរ៉េមកកម្ពុជាក្នុងគោលដៅដើម្បីទាក់ទាញវិនិយោគិនកូរ៉េមកកម្ពុជាឱ្យកាន់តែច្រើន និងប្រកបដោយទំនុកចិត្ត កម្ពុជាក៏ធ្លាប់បានប្រកាសបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុងសេអ៊ូលផងដែរ៕ (អានបន្ថែម)
- Video Advertisement -