សម្តេចតេជោ ហ៊ុន សែនប្រាប់ឲ្យក្រសួងរៀបចំដែនដីពិនិត្យមើលដំណើរការសុំច្បាប់សាងសង់ឡើងវិញ
ជាការឆ្លើយតបទៅនឹងការត្អូញត្អែរអំពីដំណើរការយឺតយ៉ាវក្នុងការទទួលបានលិខិតអនុញ្ញាត សាងសង់ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែកក្កដា បានប្រាប់ឲ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលដំណើរការសុំលិខិតអនុញ្ញាតការសាងសង់នេះឡើងវិញ។
សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងកម្មវិធីចុះពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោថា៖ «កន្លែងខ្លះ សាងសង់អត់ច្បាប់បណ្តាលមកពីមន្ត្រីមិនព្រមអនុម័ត [លិខិតអនុញ្ញាត្តសាងសង់] ឲ្យគេ អញ្ចឹងត្រូវពិនិត្យផងដែរនៅពេលខាងមុខ»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីមន្ត្រីសុរិយោដីចំនួន ៣ រូបក្នុងខេត្តពោធិ៍សាត់ ត្រូវបានចាប់ខ្លួនពីបទពុករលួយពាក់ព័ន្ធនឹងការបដិសេធមិនផ្តល់លិខិតអនុញ្ញាតសាងសង់ដល់ម្ចាស់សំណើ។
ទន្ទឹមជាមួយនឹងការរំលឹកអំពីការដួលរលំអគារនៅខេត្តព្រះសីហនុដែលបានបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ដោយសារកង្វះបច្ចេកទេសសំណង់ និងគ្មានលិខិតអនុញ្ញាតសាងសង់ សម្តេចតេជោ ហ៊ុន សែន បានឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ពិនិត្យមើលការងារនេះឡើងវិញ។
សម្តេចថ្លែងថា៖ «កន្លែងដែលអត់ច្បាប់ សួរថាទៅស្រាវជ្រាវមើលកន្លែងដែលអត់ច្បាប់ តើគេមានបានសុំច្បាប់យើងដែរឬអត់» ហើយក៏បានសង្កត់ទៀតថា «សំណង់អត់ច្បាប់ បើគេបានសុំច្បាប់ យើងមិនបានឆ្លើយទេ ហើយគេបែរជាសាងសង់ ហ្នឹងគឺមានចំណែកខុសពីយើង ដែលយើងមិនបានឆ្លើយតបពីគេ[ពេល]សុំច្បាប់។
យោងតាមរបាយការណ៍ធនាគារពិភពលោកស្តីអំពីការធ្វើធុរកិច្ចក្នុងឆ្នាំ២០១៩ ការដោះស្រាយការងារពាក់ពន្ធ័នឹងលិខិតអនុញ្ញាតសាងសង់នៅកម្ពុជា គឺត្រូវឆ្លងកាត់នីតិវិធីចំនួន ២០ នីតិវិធី ហើយចំណាយពេលរហូតដល់ ៦៥២ ថ្ងៃ។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នេះបានគូសបញ្ជាក់ថា ការដោះស្រាយការងារពាក់ពន្ធ័នឹងលិខិតអនុញ្ញាតសាងសង់នៅកម្ពុជាមានភាពល្អប្រសើរឡើងក្នុងឆ្នាំ ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ ប៉ុន្តែ កម្ពុជាទទួលបានតែ ៤៤,២៣ លើ ១០០ ពិន្ទុ ប៉ុណ្ណោះទាក់ទងនឹងបញ្ហានេះ។ (អានបន្ថែម)
- Video Advertisement -