សាកលវិទ្យាល័យ Duke ចេញគោលការណ៍ថ្មីជំរុញការប្រើកម្មវិធីឌីជីថលសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ
ខណៈពេលដែលរដ្ឋ North Carolina កំពុងប្រឈមមុខនឹងផលវិបាកនៃព្យុះដ៏បំផ្លិចបំផ្លាញដូចជា Hurricane Helene ថ្នាក់ដឹកនាំរដ្ឋ និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលើពិភពលោក កំពុងជួបជុំគ្នានៅសាកលវិទ្យាល័យ Duke ដើម្បីធ្វើបដិវត្តន៍របៀបដែលទីក្រុងនានាដោះស្រាយគ្រោះមហន្តរាយធម្មជាតិ។
ព្រឹត្តិការណ៍នេះមានឈ្មោះថា “Twin Talks North Carolina“ ដែលជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំមួយនៅទូទាំងរដ្ឋ ដើម្បីបញ្ចូលបច្ចេកវិទ្យា “ឆ្លាតវៃ” ទៅក្នុងផែនការក្រុង។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្ដូរពីការថែទាំបែបដោះស្រាយពេលមានបញ្ហា មកជាការដោះស្រាយបែបបង្ការ។
វិធីសាស្ដ្រនេះគឺផ្ដោតលើការព្យាករពីបញ្ហាដែលអាចនឹងកើតមាន ពិសេសក្នុងពេលដែលទីក្រុងជួយនឹងបញ្ហាអាកាសធាតុ។ ការធ្វើដូច្នេះ គឺជួយឱ្យក្រុមការងារអាចបង្ការ និងដោះស្រាយបញ្ហាបានទាន់ពេល និងចំចំណុច។
ចំណុចលេចធ្លោនៃអង្គប្រជុំនេះ គឺការធ្វើបទបង្ហាញជាលើកដំបូងនូវគោលការណ៍ “Built to Endure: A Smart Guide for U.S. Cities to Build Resilient Infrastructure that Lasts” ឬ ហៅការកសាងដើម្បីភាពស្ថិតស្ថេរ៖ មគ្គុទ្ទេសក៍ឆ្លាតវៃសម្រាប់ទីក្រុងនានាក្នុងសហរដ្ឋអាមេរិក ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ និងយូរអង្វែង។
គោលការណ៍ ឬផែនទីបង្ហាញផ្លូវថ្នាក់ជាតិនេះ ដែលត្រូវបានបង្កើតឡើងតាមរយៈកិច្ចសហការដ៏រឹងមាំរវាងសាកលវិទ្យាល័យ Duke, Microsoft, Bentley Systems, AECOM និង ASCE គឺជាគំនិតផ្ដួចផ្ដើមឱ្យមានការប្រើប្រាស់វិធីសាស្ត្រ “ការគិតបែបប្រព័ន្ធ ឬឆ្លាតវៃ” ក្នុងការរៀបចំផែនការទីក្រុង។
គោលការណ៍នេះលើកទឹកចិត្តឱ្យទីក្រុងនានាប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលភ្លោះ (Digital Twins) ដែលជាគំរូនិម្មិតនៃហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីធ្វើការពិសោធន៍លើស្ថានភាពទឹកជំនន់ និងសាកល្បងដំណោះស្រាយគ្រប់គ្រងទឹកភ្លៀង មុនពេលចាប់ផ្តើមការសាងសង់ជាក់ស្តែង។
ព្រឹត្តិការណ៍នេះមានការចូលរួមពីអ្នកបង្កើតគោលនយោបាយ និងអ្នកជំនាញផ្នែកវិស្វកម្មសំខាន់ៗ រួមមាន៖
- តំណាងរាស្ត្រសហរដ្ឋអាមេរិក Valerie Foushee និង អភិបាលក្រុង Chapel Hill លោកស្រី Jess Anderson ដែលនឹងថ្លែងសុន្ទរកថាគន្លឹះអំពីភាពចាំបាច់ខាងនយោបាយក្នុងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។
- លោក Jerry Lynch សាកលវិទ្យាធិការនៃមហាវិទ្យាល័យវិស្វកម្ម Pratt នៃសាកលវិទ្យាល័យ Duke ដែលនឹងពិភាក្សាអំពីតួនាទីនៃបច្ចេកវិទ្យាដែលកំពុងលេចធ្លោចំពោះសុវត្ថិភាពសាធារណៈ។
- លោក Stuart Brown មកពីនាយកដ្ឋានគុណភាពបរិស្ថាននៃរដ្ឋ North Carolina ដែលនឹងផ្តល់ការយល់ដឹងអំពីផែនការភាពធន់នឹងទឹកជំនន់របស់រដ្ឋ។
គួរបញ្ជាក់ថា គំនិតផ្តួចផ្តើម “Twin Talks” នឹងចាប់ផ្តើមភ្លាមៗក្នុងការបង្កើនការកាត់បន្ថយគ្រោះទឹកជំនន់ និងការរៀបចំផែនការទឹកភ្លៀង ជាពិសេសនៅក្នុងតំបន់ Durham-Chapel Hill។
តាមរយៈការប្រើប្រាស់ទិន្នន័យជាក់ស្តែង (real-time data) និងការបង្កើតគំរូឌីជីថល មន្ត្រីមូលដ្ឋានសង្ឃឹមថានឹងបង្កើតជាគំរូសម្រាប់រដ្ឋផ្សេងទៀត និងសម្រាប់ប្រទេសទាំងមូល អំពីរបៀបកសាងទីក្រុងដែលមិនត្រឹមតែរស់រានមានជីវិតពីព្យុះក្រោយៗទៀតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពរឹងមាំយូរអង្វែងទៀតផង។
- Video Advertisement -