សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្តូរច្រាំងទន្លេខាងត្បូងទៅជាកន្លែងកម្សាន្តទំនើបសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរ

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង ដែលនឹងត្រូវអភិវឌ្ឍន៍ឱ្យមានភាពស្រស់ស្អាត និងស៊ីវីល័យ បានបើកការដ្ឋានសាងសង់ជាផ្លូវការ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តម លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។

រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា សួនច្បារស្ទឹងព្រែកត្នោត គឺជាផ្នែកមួយនៃគម្រោងកែលម្អស្ថាបនាសាងសង់ច្រាំងស្ទឹង ស្ថិតនៅប៉ែកខាងត្បូងស្ទឹង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នឹងត្រូវអភិវឌ្ឍន៍បែបស៊ីវីល័យ ស្រស់ស្អាត និងទាន់សម័យ ដើម្បីលើកសម្រស់សោភណ្ឌភាពខេត្ត និងទាក់ទាញទេសចរណ៍ផងដែរ។

បើតាមមន្ត្រីជំនាញបច្ចេកទេស បានឱ្យដឹងថា៖ គម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងព្រែកត្នោតប៉ែកខាងត្បូងស្ទឹងនេះ មានប្រវែងសួនសាធារណៈ ៥៩០ម៉ែត្រ និងគ្រឿងបង្គំថ្មីប្រវែង ៤៥០ម៉ែត្រ ក្នុងនោះបានរៀបចំចំនួន ៣ ថ្នាក់ ដោយរួមមាន៖ ផ្លូវថ្មើរជើងដើរកំសាន្តក្នុងសួន ផ្លូវជិះកង់ និងរត់ហាត់ប្រាណ សួនបៃតង ដាំបន្ថែមដើមឈើថ្មីតាមសួន សួនកំសាន្តកុមារ កន្លែងហាត់ប្រាណសំរាប់មនុស្សចាស់ កន្លែងអង្គុយលំហែតាមសួន អាហារដ្ឋាន (Food Court) អំពូលភ្លើងបំភ្លឺផ្លូវ និងបំភ្លឺតាមសួនសាធារណៈ ចំណតរថយន្តក្រុង និងចំណតរថយន្ត ចំណតម៉ូតូជាដើម៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]