ស្ដូបសមិទ្ធផលនយោបាយនៅវិមានឈ្នះឈ្នះសម្រេចបាន ៩៤% គ្រោងនឹងបញ្ចប់ខែវិច្ឆិកានេះ
ស្ដូបសមិទ្ធិផលនយោបាយ ដែលស្ថិតក្នុងបរិវេណសួនវិមានឈ្នះឈ្នះ គិតមកដល់បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៩៤% ហើយ ដោយគ្រោងបញ្ចប់នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើយោងតាមដំណើរចុះពិនិត្យការដ្ឋានរបស់អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន កាលពីថ្ងៃទី ២២ កញ្ញា នេះ។
ការងារសាងសង់ដែលរួចរាល់រួមមាន ការងារសង់ចាក់គ្រឹះ និងប្រាង្គរបស់ស្តូប បំពាក់ក្បាច់ផ្កាភ្ញី រចនាបទ ចាក់ពុម្ពដាក់រូបសំណាក់ស្ពាន់របស់នគរបាលជាមួយកងរាជអាវុធហត្ថនៅលើកំពូលស្តូប ជាដើម។
នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងថា៖ «ស្តូបនេះតំណាងឱ្យសន្តិសុខ សុវត្ថិភាពសង្គម ដែលមានកងកម្លាំងទាំងពីរស្នូល និងជាប្រតិបត្តិករដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល»។
តួស្តូបនេះមានបាតមានទំហំ ១០១ ម៉ែត្រការ៉េ មានកម្ពស់សរុបជិត ១០ ម៉ែត្រ សាងសង់នៅលើផ្ទៃដីសរុបជាង ៧០០ ម៉ែត្រការ៉េ ។ ខឿនតួស្តូបទាំងមូល មានរាងបួនជ្រុង និងមានស្តូបចំកណ្តាលមានកម្ពស់ ៨ ម៉ែត្រកន្លះ។
គួរបញ្ជាក់ផងដែរថា សួនសមិទ្ធផលនយោបាយឈ្នះឈ្នះ មានចំនួនសរុបទាំងអស់ ៤ រួមមាន សួនឃឿនការពារជាតិ សួនវិស័យរក្សាសន្តិភាព សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះឈ្នះ។ (អានបន្ថែម)

