ស្ថានីយស្តុកទំនិញកុងតឺន័រក្រោមជំនួយឥតសំណងរបស់ជប៉ុនត្រូវបានដាក់សម្ពោធឱ្យដំណើរការ
ស្ថានីយស្តុកទំនិញកុងតឺន័រ (CFS) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ (SPSEZ) ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។
គម្រោងនេះត្រូវបានសាងសង់ឡើង ក្នុងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម (ឆ្នាំ២០១៨) រាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៤,៦លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជា។
ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា យោងតាមស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០១៩ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ថវិកាដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់ស្ថានីយស្តុបទំនិញកុងតឺន័រ ដើម្បីលើកកម្ពស់គុណភាពបន្ថែម នៃតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានសារៈសំខាន់សម្រាប់ក្រុមហ៊ុន ភស្តុភាពកម្មអន្តរជាតិផ្សេងៗ និងកែប្រែកំពង់ផែស្វយ័តព្រះសីហនុ ឱ្យមានមុខងារជាកំពង់ផែស្នូល មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងតំបន់មេគង្គទាំងមូល។
ឯកឧត្តមឯកអគ្គរដ្ឋទូតបន្តថា ការចាប់បើកឱ្យប្រើប្រាស់ឃ្លាំងនេះ បូកផ្សំនឹងគម្រោងឃ្លំាងផ្ទុកទំនិញរបស់ ក្រុមហ៊ុន AEON នឹងរួមចំណែកទាក់ទាញ ឱ្យក្រុមហ៊ុនជប៉ុនកាន់តែច្រើនបន្ថែមទៀត មកបណ្តាក់ទុននៅខេត្តព្រះសីហនុ បន្ទាប់ពីផ្សារទំនើប AEON។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តបញ្ជាក់ថា កំពង់ផែអន្តរជាតិសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ បានទទួលជំនួយផ្នែកទន់ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍រវាងជប៉ុន កម្ពុជា មានការបញ្ជូនអ្នកបច្ចេកទេសមកកំពង់ផែ និងការបញ្ជូនបុគ្គលិកទៅផ្លាស់ប្តូរបទពិសោធន៍នៅជប៉ុន ការបណ្តុះបណ្តាលទាំងក្នុងនិងក្រៅប្រទេស ប្រព័ន្ធប្រតិបត្តិការទីលានកុងតឺន័រ CMTS ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក Port EDI ។ ចំណែក ផ្នែករឹងទទួលបានកម្ចីសម្បទានជប៉ុន សម្រាប់សាងសង់ចំណតផែកុងតឺន័រថ្មីប្រវែង៤០០ម៉ែត្រ ការសាងសង់តំបន់សេដ្ឋកិច្ចពិសេស ការសាងសង់ចំណតផែពហុបំណងប្រវែង ៣៥០ម៉ែត្រ ការកែសម្រួលផែច្រាំង ទៅជាផែកុងតឺន័រប្រវែង ២៥៣ម៉ែត្រ គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅ ជំហានទី១ ជំហានទី២ និងជំហានទី៣។ នៅពេលឆាប់ៗខាងមុខនេះកំពង់ផែនឹងទទួលបានជំនួយលើមធ្យោបាយលើកដាក់ (Harbor Mobile Crane) ចំនួន ០២គ្រឿងទៀតពីរដ្ឋាភិបាលជប៉ុន៕
- Video Advertisement -