អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ និងបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ និងបេតុង ចំនួន ៩ខ្សែបន្ថែមទៀត នៅក្នុងខេត្តពោធិ៍សាត់។ នេះបើយោងតាមពិធីសម្ពោធក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៥ ។
ក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ មានទីតាំងស្ថិតនៅភូមិស្ពាន ឃុំកណ្តៀង ទៅភូមិព្រៃក្តី ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ស្ថិតនៅក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។ ដោយឡែកពិធីបើកការដ្ឋានផ្លូវសរុបចំនួន ៩ខ្សែ សរុបប្រវែង ៦៧គីឡូម៉ែត្រ ក្នុងនោះ ផ្លូវ ចំនួន ៣ខ្សែ ប្រវែងសរុបប្រមាណ ២៤ គីឡូម៉ែត្រ ស្ថិតក្នុងគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហាន២ (CSADRMP2)និងផ្លូវចំនួន ៦ខ្សែទៀត មានប្រវែងសរុបប្រមាណ ៤៣ គីឡូម៉ែត្រ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តម ឆាយ ឫទ្ធិសែន បានសារទរចំពោះពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ ពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្ថិតនៅក្រុងពោធិ៍សាត់, ស្រុកកណ្តៀង, ស្រុកបាកាន និងស្រុកវាលវែង ដែលទទួលបានសមិទ្ធិផលថ្មីនាឱកាសនេះ។ ឯកឧត្ដមថា ក្រសួងក៏កំពុងយកចិត្តទុកដាក់លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្តីសង្ឃឹម”។
គួរបញ្ជាក់ថា”ស្ពានបេតុងប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ” ចំណាយថវិកា ៩០ម៉ឺនដុល្លារ បានផ្តល់ផលប្រយោជន៍ជូនប្រជាជនប្រមាណ ២.៧៨០គ្រួសារ ស្មើនឹង ១០.៨៧៩ នាក់។ ជាមួយគ្នានោះដែរ គម្រោងសង់ផ្លូវថ្មីទាំង ៩ខ្សែខាងលើ គ្រោងចំណាយថវិកាប្រមាណ ១៤លានដុល្លារ។ ក្រោយសាងសង់រួច ផ្លូវថ្មីទាំង ៩ខែ្សនេះ ត្រូវបានគេរំពឹងថានឹងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រមាណ ៤៦.៥០០គ្រួសារ ស្មើនឹងប្រមាណ ២០ម៉ឺននាក់៕
- Video Advertisement -