អាជ្ញាធរសៀមរាបដាក់កំហិតម្ចាស់សំណង់ដែលសង់លើដីចំណីផ្លូវទាំង ៨ខ្សែនេះ ត្រូវរុះរើចេញជាបន្ទាន់!
អាជ្ញាធរខេត្តសៀមរាប បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់នៅលើដីចំណីផ្លូវទាំង ៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវរុះរើជាបន្ទាន់ឲ្យបានមុន ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយអាជ្ញាធរនឹងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធលើផ្លូវទាំងនេះ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។
ម្ចាស់ទីតាំងអាជីវកម្ម លំនៅឋាន សំណង់ការ្យ និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលប៉ះពាល់ និងនៅលើដីចំណីផ្លូវទាំង ០៨ខ្សែ ត្រូវរុះរើដោយខ្លួនឯងតាមជើងម៉ែត្រ ដែលក្រុមការងារបានចុះវាស់វែង និងបាញ់គំនូសសម្គាល់ តាមការសម្រេចរបស់គណៈកម្មការរដ្ឋបាល ក្នុងអំឡុងពេលនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP)។
អាជ្ញាធរខេត្តសៀមរាប នឹងអនុវត្តគម្រោងស្ថាបនាផ្លូវទាំង ៨ខ្សែនេះ ដោយប្រើប្រាស់ថវិការដ្ឋបាលខេត្ត រួមមាន៖
១. ផ្លូវក្រោយវត្តពោធិ៍លង្កា (មុខសណ្ឋាគារហង្សទ្រព្យ) ដល់ផ្លូវបេតុងបឹងដូនប៉ា ប្រវែង ៦៧០ ម៉ែត្រ គុណ ៦ ម៉ែត្រ និងដាក់លូកណ្តាលផ្លូវ មុខកាត់ ០១ ម៉ែត្រ ប្រវែង ៦៧០ ម៉ែត្រ។
២. ផ្លូវសត្តឃាត (សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុង ដល់ផ្លូវខ្នារចាស់ ប្រវែង ២៣៣០ ម៉ែត្រ គុណ ៧ ម៉ែត្រ និងសាងសង់លូកណ្តាលកាត់ទទឹងផ្លូវប្រវែង ១២ ម៉ែត្រ ចំនួន ៦ កន្លែង។
៣. ផ្លូវរោងម៉ាស៊ីនទឹកកក (សង្កាត់ជ្រាវ) ចាប់ពីផ្លូវក្រវ៉ាត់ក្រុងទៅកើត ប្រវែង ៨៦០ ម៉ែត្រ គុណ ៧ម៉ែត្រ និងសាងសង់លូសងខាងផ្លូវមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ១៧២០ ម៉ែត្រ។
៤. ផ្លូវភូមិគោកក្រសាំង (សង្កាត់ស្វាយដង្គំ) ចាប់ពីផ្លូវខេត្ត ២៦៧ (ច្រកសាន់ប៊ូទិក ដល់ផ្លូវទៅស្ទឹងអាមេរិក) ប្រវែង ៨០០ ម៉ែត្រ គុណ ៧ ម៉ែត្រ និងសាងសង់លូសងខាងផ្លូវ មុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៥០០ ម៉ែត្រ។
៥. ផ្លូវជាតិលេខ ៦ (ចៅសាំងហុក) ទៅត្បូង ប្រវែង ១៧០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសាងសង់លូ កណ្តាលផ្លូវមុខកាត់ ០.៨ ម៉ែត្រ។
៦. ផ្លូវជាតិលេខ ៦ (តូតាល់ផ្សារលើ) ទៅដល់ផ្លូវតាអុជ ប្រវែង ៣៦០ ម៉ែត្រ ទទឹង៧ម៉ែត្រ និងសាងសង់លូកណ្ដាលផ្លូវមុខកាត់ ០.៨ ម៉ែត្រ។
៧. ផ្លូវកៀនភោជនីយដ្ឋានម៉ុងឌីយ៉ាល់ទៅជើង ប្រវែង ៧២០ ម៉ែត្រ គុណ ៦ ម៉ែត្រ នឹងសាងសង់លូកណ្តាលទ្រូងផ្លូវមុខ ដែលមានមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៧២០ ម៉ែត្រ។
៨. ផ្លូវខាងជើងវត្តត្រាំនាគ និងដាក់លូមានមុខកាត់ ០.៨ ម៉ែត្រ ប្រវែង ៤៧០ ម៉ែត្រ។
ក្រោយផុតរយៈពេលកំណត់១៥ ថ្ងៃ អាជ្ញាធរខេត្តសៀមរាប នឹងចុះរុះរើតាមនីតិវិធីច្បាប់ជាធរមាន និងមិនទទួលការខុសត្រូវចំពោះការខូចខាត ឬបាត់បង់ទ្រព្យសម្បត្តិផ្សេងៗទៀត ក្នុងករណីម្ចាស់សំណង់ទាំងអស់ មិនចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ។
- Video Advertisement -