អាមេរិកគ្រោងវិនិយោគ ១,៥ពាន់លានដុល្លារសង់រោងចក្រផលិតបន្ទះឈីបដ៏ធំបំផុតក្នុងលោកនៅទីក្រុងហូជីមិញ
បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចូ បៃឌិន (Joe Biden) ទៅកាន់ប្រទេសវៀតណាម សេតវិមានបានប្រកាសភាពជាដៃគូក្នុងការវិនិយោគសាងសង់ទីតាំងផលិតបន្ទះឈីប ( semiconductor) ធំបំផុតក្នុងលោក ក្នុងគោលបំណងបង្កើនសក្តានុពលរបស់វៀតណាមក្នុងការជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ បន្ទះឈីប សម្រាប់ទីផ្សារសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន White House ចុះថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៣។
សេចក្តីថ្លែងការណ៍របស់សេតវិមានបានសរសេរថា “សហរដ្ឋអាមេរិកទទួលស្គាល់សក្តានុពលរបស់វៀតណាមក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប (semiconductor) ប្រកបដោយភាពធន់ ជាពិសេសដើម្បីពង្រីកសមត្ថភាពក្នុងភាពជាដៃគូដែលអាចទុកចិត្តបាន…” ។
ថ្មីៗនេះ ឧស្សាហកម្មបន្ទះឈីប semiconductor បានក្លាយជាចំណុចស្នូលនៅក្នុងទំនាក់ទំនងនិងទំនាស់ផលប្រយោជន៍ដ៏ស្មុគស្មាញរវាងសហរដ្ឋអាមេរិក និងចិន ដោយប្រទេសទាំងពីរបានខិតខំពង្រឹងសមត្ថភាពរបស់ពួកគេនៅក្នុងវិស័យដ៏សំខាន់នេះ។ ការត្រួតពិនិត្យការនាំចេញផលិតផលបន្ទះឈីប ដែលទាមទារការដាក់កំណត់គោលដៅនិងកំណត់កូតាទៅលើសមត្ថភាព semiconductor របស់គ្នាទៅវិញទៅមក បានធ្វើឱ្យភាពតានតឹងកាន់តែខ្លាំងឡើងរវាងមហាយក្សទាំងពីរ។
ដោយទទួលស្គាល់តម្រូវការសម្រាប់ដៃគូដែលអាចទុកចិត្តបានក្នុងការផ្គត់ផ្គង់បន្ទះឈីប semiconductor សហរដ្ឋអាមេរិកកំពុងងាកទៅរកវៀតណាមជាដៃគូវិញ។ យោងតាមលោក Ted Osius ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងជាអតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោកថា វៀតណាមមានជំហរល្អក្នុងការបំពេញតម្រូវការនេះ។ លោកបានប្រមើលមើលពីការបង្កើនល្បឿនក្នុងកិច្ចសហប្រតិបត្តិការបច្ចេកវិជ្ជា ដោយបានលើកឡើងថា “តួនាទីវៀតណាមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បន្ទះឈីប(សម្រាប់បំពេញតម្រូវការទីផ្សារពិភពលោក) នឹងកាន់តែមានថាមភាពកើនឡើងជាងនេះ”។
ជាលទ្ធផលជាក់ស្តែង ភ្លាមៗបន្ទាប់ពីទស្សនកិច្ចផ្លូវការរបស់លោកបៃឌិននៅក្នុងប្រទេសវៀតណាម ក្រុមហ៊ុន Intel ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានសន្យាថានឹងវិនិយោគទឹកប្រាក់យ៉ាងច្រើនចំនួន ១,៥ ពាន់លានដុល្លារដើម្បីបង្កើតកម្មន្តសាលផលិតបន្ទះឈីបរបស់ខ្លួនដែលមានទីតាំងនៅខាងក្រៅទីក្រុងហូជីមិញ។ រោងចក្រនេះត្រូវបានគេគ្រោងនឹងក្លាយទៅជាកន្លែងដំឡើងនិងសាកល្បងបន្ទះឈីបដ៏ធំបំផុតរបស់ក្រុមហ៊ុន Intel នៅទូទាំងពិភពលោក។
នៅពេលដែលទីក្រុងវ៉ាស៊ីនតោនពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងហាណូយ អ្នកជំនាញរំពឹងថានឹងមានការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យបច្ចេកវិទ្យា។ ខណៈនិន្នាការសកលកំពុងអំណោយផលបែបនេះ គេមើលឃើញថា វៀតណាមហាក់បានត្រៀមខ្លួនរួចជាស្រេចក្នុងការបំពេញតួនាទីជាអ្នកផ្គត់ផ្គង់ថ្មីក្នុងខ្សែច្រវាក់ផ្គត់ផ្គង់បច្ចេកវិជ្ជាសកលនេះ៕
- Video Advertisement -