អាមេរិក និងជប៉ុន ចាប់ដៃអ្នកបង្កើតកម្មវិធីគ្រប់គ្រងសំណង់ឆ្លាតវៃបែបឌីជីថល
ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនសូហ្វវែរវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធឈានមុខគេរបស់ពិភពលោក ថ្មីៗនេះបានចាប់ដៃគូជាមួយក្រុមហ៊ុនជប៉ុន EARTHBRAIN ដែលជាអ្នកបង្កើតកម្មវិធីល្បីល្បាញ Smart Construction ដើម្បីជំរុញវិស័យសំណង់ឌីជីថលឱ្យកាន់តែមានប្រសើរឡើង។
តាមរយៈភាពជាដៃគូថ្មីនេះ ក្រុមហ៊ុន EARTHBRAIN នឹងបញ្ចូលបច្ចេកវិទ្យាឌីជីថលភ្លោះ និងកម្មវិធីផ្សេងៗទៀតរបស់ Bentley Systems ទៅក្នុងកម្មវិធី Smart Construction របស់ខ្លួន។ ការបញ្ចូលរួមគ្នានេះ ធ្វើឱ្យកម្មវិធី Smart Construction ក្លាយជាកម្មវិធីគ្រប់គ្រងសំណង់បែបពេញលេញគ្រប់ជ្រុងជ្រោយកម្រិតកំពូលមួយនៅលើពិភពលោក។
ដូចដែរដឹងស្រាប់ ក្រុមហ៊ុន Bentley គឺជាអ្នកជំនាញខាងបង្កើតកម្មវិធីដែលមានភាពឆ្លាតវៃនឹងធ្វើឱ្យការគ្រប់គ្រងសំណង់នៅប្រព័ន្ធកុំព្យទ័ររស់រវើកដូចពិត ខណៈការងារគ្រប់យ៉ាងនិងគ្រប់ផ្នែកនឹងត្រូវអនុវត្តលើកម្មវិធីតែមួយ។ ខណៈ ជប៉ុនគឺមានជំនាញខាងបច្ចេកវិទ្យាដ៏ខ្លាំងផងដែរ ពិសេសលើផ្នែកសុវត្ថិភាពសំណង់។ ដូច្នេះ ការរួមបញ្ចូលគ្នានេះ គឺរឿងដែលអស្ចារ្យមួយ។
ការងារគ្រប់ដំណាក់កាលចាប់ពីការរចនា ការសាងសង់ ការងារដី និងពិសេសការគ្រប់គ្រងគម្រោងពេលសង់រួច នឹងត្រូវធ្វើឡើងដូចរលូន និងប្រកបដោយសុវត្ថិភាព ផលិតភាព និងនិរន្តរភាព។
ជាក់ស្ដែង Smart Construction គឺជាសូហ្វវែរដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញមួយ ដែលបំឡែងការដ្ឋានសំណង់ពិត ឱ្យក្លាយជាការដ្ឋានឌីជីថល ហើយក៏វិភាគ នឹងបន្ទាប់មកបញ្ជូនទិន្នន័យមកការដ្ឋានសំណង់ជាក់ស្តែងវិញ ដើម្បីអនុវត្ត។
សូហ្វវែរនេះអាចដោះស្រាយបញ្ហាប្រឈមនានាដូចជា កង្វះកម្លាំងពលកម្ម ការកាត់បន្ថយម៉ោងធ្វើការ ការកែលម្អសុវត្ថិភាព និងការកាត់បន្ថយការចំណាយ។
សូហ្វវែរនេះនឹងកាន់តែមានលក្ខណៈអន្តរកម្មតាមរយៈការបង្កើតគំរូភូមិសាស្ត្រ 3D ក្នុងពិភពពិតដោយ Cesium ហើយកាន់តែមានអានុភាពតាមរយៈសូហ្វវែរ iTwin របស់ Bentley។
លោក Akinori Onodera ប្រធានក្រុមហ៊ុន EARTHBRAIN បានឱ្យដឹងថា ភាពជាដៃគូយុទ្ធសាស្ត្រនេះតំណាងឱ្យព្រឹត្តិការណ៍សំខាន់មួយក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលនៃឧស្សាហកម្មសំណង់ពីប្រទេសជប៉ុនទៅកាន់ពិភពលោក។
យោងតាមលោក James Lee ប្រធានប្រតិបត្តិការរបស់ក្រុមហ៊ុន Bentley Systems ភាពជាដៃគូជាមួយ EARTHBRAIN តំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ Bentley សម្រាប់ដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធរួមបញ្ចូលគ្នា និងបើកចំហរ។
- Video Advertisement -