អូស្រ្តាលីត្រៀមថវិកាជាង ៦,៦លានដុល្លារ ជួយកម្ពុជាបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក
អូស្រ្តាលី បានត្រៀមថវិការចំនួន ១០លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦,៦លានដុល្លារអាមេរិក ជួយដល់កម្ពុជាក្នុងការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹក និងកែលម្អការអនុវត្តការគ្រប់គ្រងប្រភពទឹក ពិសេសការដោះស្រាយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។ នេះបើតាមជំនួបរវាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក Pablo Kang ភារធារីប្រចាំស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ លោកPablo Kang ក៏បានបញ្ជាក់ថា អូស្ត្រាលីបានប្តេជ្ញាគាំទ្រការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា ជាពិសេសសមត្ថភាពធ្វើតេស្តផលិតផលកសិ-ចំណីអាហារ ដើម្បីធានាសុវត្ថិភាព និងគុណភាពចំណីអាហារ។
លោកបានបន្ថែមថា អូស្ត្រាលី នឹងប្រើប្រាស់ថវិកាប្រមាណ ១,៨លានដុល្លារអូស្ត្រាលី រួមចំណែកដល់ការបង្កើនទំនុកចិត្តអ្នកប្រើប្រាស់ផលិតផលចំណីអាហារនៅក្នុងទីផ្សារកម្ពុជា។
ក្នុងជំនួបនេះដែរ លោក ហែម វណ្ណឌី បានលើកឡើងនូវទស្សនៈវិស័យក្នុងការពង្រីកលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដូចជាការគ្រប់គ្រងអាជ្ញាប័ណ្ណ និងភាពចាំបាច់នៃការរួមបញ្ជូលគ្នា ក្នុងចំណោមប្រតិបត្តិករទឹកស្អាតឯកជនតូចៗ ក្នុងការគ្រប់គ្រងសេវាផ្គត់ផ្គង់ទឹកស្អាត។
ដោយឡែក ចំពោះកំណែទម្រង់មន្ទីរពិសោធន៍ជាតិ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកំណែទម្រង់ផ្ទាល់របស់ក្រសួងដើម្បីពង្រឹងសមត្ថភាពធ្វើតេស្តក្នុងស្រុក ក្នុងគោលដៅកាត់បន្ថយការពឹងផ្អែកលើការធ្វើតេស្តនៅក្រៅប្រទេស ខណៈដែលអូស្ត្រាលី ជាដៃគូអន្តរជាតិសំខាន់ក្នុងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍របស់កម្ពុជា។
គួរបញ្ជាក់ថា ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ រដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការដល់កម្ពុជា ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារ ដើម្បីគាំទ្រវិស័យសំខាន់ៗនៅកម្ពុជា រួមមានវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ យេនឌ័រ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការបោសសម្អាតមីន។ (អានបន្ថែម)
- Video Advertisement -