៣ខែដំបូង នៃឆ្នាំ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី១០៦ មានទុន $២,២ពាន់លាន
ក្នុងរយៈពេល ៣ខែដំបូង ក្នុងឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារ និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៥ មេសា ២០២៤។
គួរបញ្ជាក់ថា នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានគម្រោងថ្មីចំនួន ៧៣គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៣គម្រោង។ ដោយឡែកគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៣គម្រោង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៣គម្រោងផងដែរ។
បើយោងតាមទិន្នន័យខាងលើ បានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារ ស្មើនឹងប្រមាណ ៦៤៩% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។
ក្នុងនោះផងដែរ ឃើញថាមានវិស័យធំៗបី ដែលជាកត្តាទាក់ទាញនាំឱ្យមានការកើនឡើងយ៉ាងគំហុកបែបនេះគឺ វិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, និងគម្រោងព្រីកផលិតកម្មនៃវិស័យឧស្សាហកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ជាការកត់សម្គាល់មួយទៀតក្នុងត្រីមាសទី១នេះ គឺមានគម្រោងវិនិយោគធំៗលេចល្លោចំនួន ៩ ខណៈមាន ៨គម្រោងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និង ១គម្រោងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។
ក. គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស
១. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ដែលមានចំនួន២,៨៧០បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំង ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥៧៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣,៨៦០កន្លែង។
២. គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹកអានុភាព ១៥០MW តាមរូបភាព BOT ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណជាង ៤៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២២០កន្លែង។
៣. គម្រោងវិនិយោគសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្ទុភារកម្មកំពង់ឆ្នាំង ដែលមានទីតាំងស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្នុងទុនវិនិយោគប្រមាណជាង ១០៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១១៥កន្លែង។
៤. គម្រោងវិនិយោគបង្កើត និងធ្វើអារជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង១០៧លានដុល្លារ។
៥. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងស្ថិតនៅសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៣កន្លែង។
៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ ដើមណូអែល គ្រឿងបង្គុំ និងសម្ភារៈបរិក្ខារតុបតែងដើមណូអែលគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ២២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០៣៦កន្លែង។
៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅភូមិព្រៃសាគុំ ឃុំព្រៃគុំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ១៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៣៦កន្លែង។
៨. គម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើបដែលមានទីតាំងស្ថិតនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ ១៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥,១៥០កន្លែង។
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១.គម្រោងវិនិយោគពង្រីកផលិតកម្មរបស់គម្រោងវិនិយោគផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគបន្ថែមប្រមាណ ២១២លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៦៥៥កន្លែង។
គួររំលឹកដែរថា ក្នុងត្រីមាសទី១នេះដែរ ការវិនិយោគក្នុងស្រុកបានឈរនៅលំដាប់លេខរៀងទី១ រីឯការវិនិយោគមកពីប្រទេសចិនបានឈរនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែកប្រមាណជាង ៩៣% នៃការវិនិយោគសរុប។
- Video Advertisement -