កត្តា២ បានជំរុញឱ្យខេត្តព្រះសីហនុឈរនៅលេខរៀងទី៥ កំឡុងបុណ្យចូលឆ្នាំខ្មែរ

ខេត្តព្រះសីហនុ ដែលធ្លាប់តែជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៏ឈានមុខគេស្ទើរតែរៀងរាល់ខែ តែបែរជាមកឈរនៅលេខរៀងទី៥ តាមពីក្រោយខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងរាជធានីភ្នំពេញ ក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរនេះទៅវិញ ។​

ការថមថយនេះបណ្តាលមកពីខេត្តជាប់ឆ្នេរមួយនេះគឺជាទីពេញនិយមសម្រាប់តែទេសចរណ៍ចុងសប្តាហ៍ ហើយបូកផ្សំនឹងចរន្តផ្លាស់ប្តូរនៃទិសដៅរបស់ទេសចរក្នុងអំឡុងបុណ្យចូលឆ្នំាខ្មែរផងដែរ។

នេះបើយោងតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៩ មេសា ២០២៣។

យោងតាមទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣.១៨៧.៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់និង ភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។

ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗចំនួន៥ រួមមាន ខេត្តសៀមរាប ២.១២០.៣៧៣នាក់ ខេត្តបាត់ដំបង ១.៥០០.១៦៨នាក់ ខេត្តកំពង់ចាម ១.៤០៨.៨១១នាក់ រាជធានីភ្នំពេញ ១.០៨០.៥០៩នាក់ និងខេត្តព្រះសីហនុ ៨៨៧.៨៩៣នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តព្រះសីហនុ ដែលធ្លាប់តែជាខេត្តជាប់ចំណាត់ថ្នាក់ទី១ ឬទី២ ជារៀងរាល់ខែ បានធ្លាក់មកនៅក្នុងចំណាត់ថ្នាក់ទី៥​ តាមពីក្រោយដោយខេត្តផ្សេងៗទៀត។ ​​

ជុំវិញចំណាត់ថ្នាក់នេះដែរ ឯកឧត្តម ​តុប ​សុភ័ក្រ បានបញ្ជាក់ថា ក្រោយបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ យើងសម្គាល់ឃើញថាទេសចរទៅទស្សនាខេត្តនេះ មានសន្ទះខ្លាំងនៅចុងសប្តាហ៍ ក្នុងរយៈពេលខ្លី ច្រើនជាងរយៈពេលវែង។

«ម្យ៉ាងទៀត ចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរតែងតែមានការផ្លាស់ប្តូរជារឿងធម្មតា ដែលអាចសន្និដ្ឋានបានថា កន្លងមក ទេសចរនិយមទៅទស្សនាខេត្តព្រះសីហនុនៅថ្ងៃសៅរ៍អាទិត្យច្រើនជាង រីឯអំឡុងបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋអាចប្តូរគោលដៅទៅកាន់ខេត្តផ្សេងៗដែលជាស្រុកកំណើតខ្លួនវិញ។» ឯកឧត្តមបន្ត។

គួររម្លឹកថា ចំនួន​ទេសចរឆ្នាំនេះ មានការ​កើនឡើង​ច្រើន​ជាងមុន បើប្រៀបធៀបនឹង​ឆ្នាំ២០២២​ នេះក៏ដោយ​សារ​ភាពល្អប្រសើរលើ​ស្ថាន​ភាព​កូវីដ​១៩ ​ដែលប្រជាជន​មាន​ភាព​ស៊ាំនៅ​ក្នុង​សហគមន៍​ ​ និងភាពរីកចម្រើនលើ​ហេដ្ឋារចនា​សម្ព័ន្ធ​​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]