កត្តា២ បានជំរុញឱ្យខេត្តព្រះសីហនុឈរនៅលេខរៀងទី៥ កំឡុងបុណ្យចូលឆ្នាំខ្មែរ

ខេត្តព្រះសីហនុ ដែលធ្លាប់តែជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៏ឈានមុខគេស្ទើរតែរៀងរាល់ខែ តែបែរជាមកឈរនៅលេខរៀងទី៥ តាមពីក្រោយខេត្តបាត់ដំបង កំពង់ចាម សៀមរាប និងរាជធានីភ្នំពេញ ក្នុងអំឡុងបុណ្យចូលឆ្នាំខែ្មរនេះទៅវិញ ។​

ការថមថយនេះបណ្តាលមកពីខេត្តជាប់ឆ្នេរមួយនេះគឺជាទីពេញនិយមសម្រាប់តែទេសចរណ៍ចុងសប្តាហ៍ ហើយបូកផ្សំនឹងចរន្តផ្លាស់ប្តូរនៃទិសដៅរបស់ទេសចរក្នុងអំឡុងបុណ្យចូលឆ្នំាខ្មែរផងដែរ។

នេះបើយោងតាមឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ប្រាប់សារព័ត៌មានសំណង់ និងអចលនទ្រព្យនៅថ្ងៃទី១៩ មេសា ២០២៣។

យោងតាមទិន្នន័យក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ១៣.១៨៧.៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់និង ភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។

ក្នុងនោះ គោលដៅទេសចរណ៍សំខាន់ៗចំនួន៥ រួមមាន ខេត្តសៀមរាប ២.១២០.៣៧៣នាក់ ខេត្តបាត់ដំបង ១.៥០០.១៦៨នាក់ ខេត្តកំពង់ចាម ១.៤០៨.៨១១នាក់ រាជធានីភ្នំពេញ ១.០៨០.៥០៩នាក់ និងខេត្តព្រះសីហនុ ៨៨៧.៨៩៣នាក់។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ខេត្តព្រះសីហនុ ដែលធ្លាប់តែជាខេត្តជាប់ចំណាត់ថ្នាក់ទី១ ឬទី២ ជារៀងរាល់ខែ បានធ្លាក់មកនៅក្នុងចំណាត់ថ្នាក់ទី៥​ តាមពីក្រោយដោយខេត្តផ្សេងៗទៀត។ ​​

ជុំវិញចំណាត់ថ្នាក់នេះដែរ ឯកឧត្តម ​តុប ​សុភ័ក្រ បានបញ្ជាក់ថា ក្រោយបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ យើងសម្គាល់ឃើញថាទេសចរទៅទស្សនាខេត្តនេះ មានសន្ទះខ្លាំងនៅចុងសប្តាហ៍ ក្នុងរយៈពេលខ្លី ច្រើនជាងរយៈពេលវែង។

«ម្យ៉ាងទៀត ចរន្តនៃការធ្វើដំណើររបស់ភ្ញៀវទេសចរតែងតែមានការផ្លាស់ប្តូរជារឿងធម្មតា ដែលអាចសន្និដ្ឋានបានថា កន្លងមក ទេសចរនិយមទៅទស្សនាខេត្តព្រះសីហនុនៅថ្ងៃសៅរ៍អាទិត្យច្រើនជាង រីឯអំឡុងបុណ្យចូលឆ្នាំខ្មែរ ប្រជាពលរដ្ឋអាចប្តូរគោលដៅទៅកាន់ខេត្តផ្សេងៗដែលជាស្រុកកំណើតខ្លួនវិញ។» ឯកឧត្តមបន្ត។

គួររម្លឹកថា ចំនួន​ទេសចរឆ្នាំនេះ មានការ​កើនឡើង​ច្រើន​ជាងមុន បើប្រៀបធៀបនឹង​ឆ្នាំ២០២២​ នេះក៏ដោយ​សារ​ភាពល្អប្រសើរលើ​ស្ថាន​ភាព​កូវីដ​១៩ ​ដែលប្រជាជន​មាន​ភាព​ស៊ាំនៅ​ក្នុង​សហគមន៍​ ​ និងភាពរីកចម្រើនលើ​ហេដ្ឋារចនា​សម្ព័ន្ធ​​។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

ក្រសួងចំនួន២ ចុះ MoU រួមគ្នាជំរុញការអភិវឌ្ឍតំបន់កសិ-ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា

ក្រសួងទេសចរណ៍ និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ […]

ក្រមហ៊ុន AIAI នឹងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ឱ្យក្លាយជាតំបន់អភិវឌ្ឍពហុមុខងារ

ក្រសួងទេសចរណ៍គាំទ្រផែនការរួមបញ្ចូលគ្នានូវគំនិតផ្តួចផ្តើ […]

ក្រុមហ៊ុនចិនគ្រោងដំណើរការសារមន្ទីរ 3D បង្ហាញពីមរតកវប្បធម៌អង្គរ នៅដើមឆ្នាំ២០២៧

ក្រុមហ៊ុនកម្សាន្តធំមួយរបស់ចិន Legendary Entertainment a […]

រដ្ឋនឹងប្រែក្លាយតំបន់ឧទ្យានជាតិភ្នំគូលែន ជាគោលដៅទេសចរណ៍ឈានមុខគេក្នុងអាស៊ីអាគ្នេយ៍

គំនិតផ្តួចផ្តើមដ៏មានចក្ខុវិស័យនេះ មានបំណងរក្សាតុល្យភាពរ […]