កម្ពុជា-ចិន នឹងចុះ MoU ជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តគ័នស៊ូ (Gansu) នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែស៊ីជម្រៅ និងសកម្ម ព្រមទាំងជំរុញឱ្យមានការហោះហើរត្រង់រវាងខេត្តគ័នស៊ូ និងខេត្តសៀមរាបឡើងវិញ។ នេះបើយោងតាមជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក CHENG LIANG លេខាបក្សនៃវិទ្យាស្ថានទុងហ័ង កាលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។
នាឱកាសនោះ លោក CHENG LIANG បានឱ្យដឹងថា ជំនួបនេះ ដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយដៃគូអន្តរជាតិ។ លោកក៏បានបង្ហាញចំណាប់អារម្មណ៍លើការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងជំនាញពាក់ព័ន្ធនឹងការអភិរក្សបេតិកភណ្ឌ និងការអភិវឌ្ឍទេសចរណ៍វប្បធម៌។
ជាកិច្ចឆ្លើយតប ឯកឧត្តមដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះភាគីចិន ដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ជាពិសេសតំបន់អង្គរ ដែលអាចអភិវឌ្ឍជាផលិតផលទេសចរណ៍វប្បធម៌ដ៏ទាក់ទាញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអញ្ជើញលោក CHENG LIANG ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលវេលាសមស្របខាងមុខផងដែរ។
សូមជម្រាបដែរដា តាមរយៈជំនួបខាងលើ ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងវិទ្យាស្ថានទុងហ័ង តាមរយៈការពិនិត្យលទ្ធភាពចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដោយផ្តោតលើការចែករំលែកចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រង និងអភិរក្សបេតិកភណ្ឌវប្បធម៌ ការប្រើប្រាស់សម្បត្តិបេតិកភណ្ឌសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍វប្បធម៌ ព្រមទាំងការអភិវឌ្ឍទេសចរណ៍ពេលរាត្រីនៅខេត្តសៀមរាប តាមរយៈការសម្តែងសិល្បៈផ្លូវសូត្រ «Along the Silk Road» និង «Tales of the Silk Road» និងការរៀបចំទស្សនកិច្ចសិក្សាផ្លាស់ប្តូររវាងមន្ត្រីនៃស្ថាប័នទាំងពីរ៕ (អានបន្ថែម)

- Video Advertisement -