សភាពាណិជ្ជកម្មកូរ៉េ ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា
លោករដ្ឋមន្ត្រី ហួត ហាក់ និងលោក គីម ញូញហូ ប្រធាន KOCHAM ឯកភាពគ្នាពង្រឹងទំនាក់ទំនងអាជីវកម្ម និងអាជីវកម្ម លើកកម្ពស់សក្តានុពលគោលដៅ និងរៀបចំបេសកកម្មពាណិជ្ជកម្មនាពេលខាងមុខ
សភាពាណិជ្ជកម្មកូរ៉េប្រចាំនៅប្រទេសវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជានាពេលខាងមុខ ខណៈបច្ចុប្បន្នស្ថាប័ននេះបានមកជួបពិភាក្សាជាមួយរាជរដ្ឋាភិបាលកម្ពុជារួចរាល់ហើយ។ នេះបើយោងតាមជំនួបរវាងលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក KIM NYOUN HO ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម (KOCHAM) កាលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។
ជំនួបពិភាក្សានេះ ធ្វើឡើងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ។
នៅក្នុងជំនួបនោះ ភាគីសភាពាណិជ្ជកម្មកូរ៉េ បានប្រាប់ពីផែនការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅក្នុងប្រទេសកម្ពុជា និងបង្ហាញីពីចំណាប់អារម្មណ៍ចំពោះសក្តានុពលទេសចរណ៍កម្ពុជា និងបញ្ជាក់ពីការត្រៀមខ្លូនរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជានាពេលខាងមុននេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណសភាពាណិជ្ជកម្មដែលចាត់ទុកកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងពោរពេញដោយសក្តានុពល សម្រាប់ការពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគរបស់ខ្លួន ស្របពេលដែលវិស័យទេសចរណ៍ត្រូវបានរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់។
តាមរយៈជំនួបនោះដែរ ភាគីទាំងពីរ ក៏បានឯកភាពបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាង សភាពាណិជ្ជកម្មកូរ៉េនៅប្រទេសវៀតណាម (KOCHAM) និងក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាវិស័យឯកជនកម្ពុជា តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជាទៅកាន់សមាជិកសភាពពាណិជ្ជកម្ម និងការភ្ជាប់បណ្តាញធុរកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរ និងការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជាដ៏សំខាន់នាពេលឆាប់ៗនេះ៕ (អានបន្ថែម)



- Video Advertisement -