កម្ពុជាកំពុងជ្រើសរើសភូមិ ៣ ទៅប្រកួតយក«ពានភូមិទេសចរណ៍ឆ្នើម»នៃអង្គការទេសចរណ៍លោក
កម្ពុជាកំពុងជ្រើសរើសភូមិគំរូចំនួន៣ ក្នុងចំណោមភូមិចំនួន ១០០ ទូទាំងប្រទេស ដើម្បីដាក់ចូលរួមការក្រកួតយកពាន «ភូមិទេសចរណ៍ឆ្នើម« របស់អង្គការទេសចរណ៍ពិភពលោក (UNWTO)។
យោងតាមលិខិតនៃទីស្តីការគណៈរដ្ឋមន្រ្តីថ្ងៃទី១៣ ខែកក្កដា រាជរដ្ឋាភិបាល បានសម្រេចបញ្ចូលការជ្រើសរើសភូមិទេសចរណ៍ឆ្នើម ក្រោមយន្តការនៃការប្រឡងប្រណាំងទីក្រុងស្អាត។
តាមរយៈការចូលរួមប្រណាំងនេះ កម្ពុជានឹងមានឱកាសបង្ហាញពីការរៀបចំភូមិតាមជនបទរបស់ខ្លួន ស្របតាមស្តង់ដារតម្រូវ និងបានរៀនសូត្របន្ថែមពីការរៀបចំភូមិទេសចរណ៍ពីប្រទេសចូលរួមផងដែរ។
យោងតាមក្រសួងទេសចរណ៍ ភូមិដែលរដ្ឋនឹងជ្រើសរើស នឹងជាភូមិដែលមានសក្ដានុពលទេសចរណ៍ និង ភូមិដែលអាចអភិវឌ្ឍខ្លួនឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញបាន។
ក្រសួងបន្តថា ភូមិជ័យលាភីមិនត្រឹមតែអាចក្លាយជាសមាជិកបណ្ដាញភូមិឆ្នើមរបស់ពិភពលោកទេ ថែមទាំងអាចនាំយកចំណេះដឹង និងបទពិសោធន៍អភិវឌ្ឍនានាមកអភិវឌ្ឍភូមិផ្សេងៗទៀតនៅប្រទេសកម្ពុជាទៀតផង។
UNWTO ថា ភូមិគំរូទេសចរណ៍ឆ្នើម ត្រូវមានចំនុចលក្ខណៈពិសេសមួយចំនួនដូចជា ភូមិដែលការអភិវឌ្ឍផ្ដោតសំខាន់លើសុខាមាលភាពរបស់អ្នករស់ និងអ្នកទេសចរណ៍ ក៏ដូចជាជាភូមិដែលមានចក្ខុវិស័យទេសចរណ៍វែងឆ្ងាយ និងមាននិរន្តរភាព។
