ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]
ការព្យាកររបស់អ្នកសិក្សាស្រាវជា្រវបានឲ្យដឹងថា ប្រទេសកម្ពុជានឹងត្រូវការលំនៅឋានប្រហែល ៥ ម៉ឺនលំនៅឋានក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ខណៈពេលកំណើនប្រជាពលរដ្ឋមានការឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
នេះបើយោងតាមប្រសាសន៍ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នៅទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ។
ឯកឧត្តមបានមានប្រសាសន៍ថា «ការផ្គត់ផ្គង់លំនៅឋាន នៅពេលនេះ យើងបានឆ្លើយតប ជាមួយខាងវិស័យឯកជន ដែលជាអ្នកផ្គត់ផ្គង់សាងសង់លំនៅឋាននេះ យ៉ាងសស្រាក់សស្រាំដើម្បីឆ្លើយតបឱ្យបាន ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។»
ឯកឧត្តមបានបន្ថែមថា តាមអ្នកវិភាគមួយចំនួន ការកើនឡើងអ្នកវិនិយោគលំនៅឋាន សំណង់ខុនដូន សំណង់បុរីច្រើន អាចនាំឲ្យកើតមានវិបត្តិ ដោយសារតែភាពលើសនៃការផ្គត់ផ្គង់ មានន័យថាតម្រូវការប្រជាពលរដ្ឋមានភាពគ្រប់គ្រាន់ ដែលធ្វើឲ្យការផ្គត់ផ្គង់នៅសល់។
ឆ្លើយតបចំពោះការបារម្ភនេះឯកឧត្តម សេង ឡូត បានឆ្លើយបំភ្លឺថា៖ «ខ្ញុំជឿថាមិនលើសនោះទេ ហើយអ្វីដែលក្រសួងចង់បាន អ្វីដែលរដ្ឋាភិបាលចង់បាន គឺចង់ឲ្យការវិនិយោគនេះ មានកំណើនខ្ពស់ ព្រោះជាក្បាលម៉ាស៊ីននៃការបង្កើតធនធាន សម្រាប់ជាតិរបស់យើង។»
“ជុំវិញបញ្ហានេះ បើយើងវិភាគតាមទ្រឹស្តីសេដ្ឋកិច្ច គេចាត់ទុកថា នៅពេលណាដែលការផ្គត់ផ្គង់នឹងវាលើស ឬសល់ លុះត្រាតែតម្លៃវាធ្លាក់ចុះ ទើបគេចាត់ទុកថាលើស ប៉ុន្តែជាក់ស្តែងនៅកម្ពុជា ពេលនេះ តម្លៃលំនៅឋានអត់ទាន់ធ្លាក់ចុះនោះទេ។ កម្រិតនៃការផ្គត់ផ្គង់ និងតម្រូវការនេះ វាកំពុងតែឆ្លើយតបគ្នាទៅវិញទៅមក។”
ឯកឧត្តមបានបន្ថែមថា ៖« តម្រូវការនេះរៀងខ្លាំងជាងការផ្គត់ផ្គង់តិចផង ព្រោះតម្លៃវាឡើងតិចតួចដែរ។ គ្រាន់តែវាឡើងចន្លោះ ពី ៣% ទៅ ៥% នោះជាការឡើងធម្មតា។ ដោយសារតែការឡើងថ្លៃនៃតម្លៃទំនិញ។ ព្រោះប្រទេសកម្ពុជាយើង ការឡើងថ្លៃទំនិញគឺចន្លោះប្រហែលហ្នឹងដែរ។»
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងមានចំនួន ២៤៩ អគារ, សំណង់លំនៅឋានមានចំនូន ៤០៧២ គម្រោង, បូរីលំនៅឋានមានចំនួន ៥៤ គម្រោង, អគារផ្ទះល្វែង និងភូមិគ្រឹះមានចំនួន ២៥ ២៦៩ ខ្នង និងអគារស្នាក់នៅមានចំនួន ១៧៣ គម្រោង។ នេះបើយោងតាមរបាយការណ៍បូកសរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕