កម្ពុជានឹងអនុញ្ញាតិឱ្យពលរដ្ឋថៃរស់នៅខេត្តជាប់ព្រំដែន ចូលទស្សនាអង្គរដោយគ្មានលិខិតឆ្លងដែន
រដ្ឋាភិបាលកម្ពុជា គ្រោងឱ្យពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ ដោយមិនចាំបាច់មានលិខិតឆ្លងដែន ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងកំពុងពិចារណាលើរឿងនេះ។
នេះបើតាមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គ.អ.ច.ទ.។
ឯកឧត្ដម ថោង ខុន បានលើកឡើងអំពី សំណើស្នើទៅរាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋថៃ ដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជា អាចឆ្លងមកខេត្តសៀមរាបដែលជាខេត្តទី២ (បន្ទាប់ពីខេត្តទី១ដែលជាប់ព្រំដែន) ដោយគ្រាន់តែប្រើប្រាស់ត្រឹមបណ្ណព្រំដែន Border Pass (មិនចាំបាច់មានលិខិតឆ្លងដែនទេ)។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដមហោ សារុន អនុប្រធាន គ.អ.ច.ទ ក៏បានបន្ថែមថា «ប្រជាពលរដ្ឋថៃខ្លះគាត់ចង់មកលេងប្រាសាទអង្គរវត្ត តែគាត់អត់មានលិខិតឆ្លងដែន ដូច្នេះបើគាត់រស់នៅខេត្តជាប់ព្រំដែន គាត់អាចស្នើសុំបណ្ណព្រំដែន នឹងអាចចូលមកទស្សនារមណីយដ្ឋានអង្គរបានដូចគ្នា»។
គួរបញ្ជាក់ថា ខេត្តរបស់ប្រទេសថៃ ដែលជាប់ជាមួយព្រំដែនប្រទេសកម្ពុជា រួមមាន៖១.ខេត្តឧត្បុលរាជធានី (Ubon Ratchathani) ជាប់ជាមួយខេត្តព្រះវិហារ។ ២.ខេត្តស្រីសាកេត (Si Sa Ket) ជាប់ជាមួយខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ៣.ខេត្តសុរិន្ទ្រ (Surin) ជាប់ជាមួយខេត្តឧត្តរមានជ័យ។ ៤.ខេត្តបុរីរម្យ (Buri Ram) ជាប់ជាមួយខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ។ ៥.ខេត្តស្រះកែវ (Sa Kaeo) ជាប់ជាមួយខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង។ ៦.ខេត្តចន្ទបុរី (Chanthaburi) ជាប់ជាមួយខេត្តបាត់ដំបង និងខេត្តបៃលិន។ ៧. ខេត្តត្រាត (Trat) ជាប់ជាមួយខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង។
ចុងក្រោយក្រសួងទេសចរណ៍ក៏បានអះអាងដែរថា កម្ពុជានឹងទទួលបានផលចំណេញបន្ថែមទៀតពីវិស័យទេសចរណ៍ តាមរយៈការចូលមកទស្សនា ដោយផ្ទាល់របស់ភ្ញៀវទេសចរថៃដែលរស់នៅតាមខេត្តជាប់ព្រំដែនកម្ពុជា៕