កម្ពុជាផ្សព្វផ្សាយសក្តានុពលវិនិយោគទាក់ទាញធុរកិច្ចជប៉ុន
កម្ពុជាផ្សព្វផ្សាយពីបរិយាកាស និងសក្តានុពលវិនិយោគដើម្បីទាក់ទាញវិនិយោគិន និងធុរកិច្ចជនជាតិជប៉ុនថែមទៀត មកបណ្តាក់ទុននៅកម្ពុជា ខណៈប្រមុខរដ្ឋាភិបាលវាយតម្លៃខ្ពស់ពីគុណភាពវិនិយោគ ធុរកិច្ចជប៉ុននៅកម្ពុជា។
ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការវិនិយោគនៅកម្ពុជា ឯទីក្រុងតូក្យូ កាលពីថ្ងៃទី២៩ សម្តេចតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានអំពាវនាវដល់ធុរជន និងអ្នកវិនិយោគជប៉ុនដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងធុរជន និងអ្នកវិនិយោគមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ។
សកម្មភាពធុរកិច្ច និងវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា សុទ្ធសឹងតែជាការវិនិយោគប្រកបដោយគុណភាព ផ្ដល់តម្លៃបន្ថែមខ្ពស់ និងផ្ដល់បរិស្ថានការងារនិងបរិស្ថានរស់នៅល្អប្រសើរ ជូនដល់កូនក្មួយកម្មករ និយោជិតកម្ពុជា។ នេះជាការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅចំពោះមុខវិនិយោគិន និងធុរកិច្ចជប៉ុននៅក្នុងសិក្ខាសាលា។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា៖ «ក្នុងគ្រប់បរិការណ៍នៃដំណើរអភិវឌ្ឍន៍ ឧស្សាហកម្មរបស់ខ្លួន កម្ពុជាពិតជាត្រូវការការវិនិយោគជប៉ុនបន្ថែម កាន់តែច្រើនទៀតលើគ្រប់វិស័យ ពិសេសការកែច្នៃម្ហូបអាហារដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក អេកូទេសចរណ៍ ឧស្សាហកម្មតភ្ជាប់ខ្សែចង្វាក់ផលិតកម្មក្នុងស្រុកនិងក្នុងតំបន់ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យឧស្សាហកម្មជាដើម»។
ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុន ចំនួន១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២.៥ពាន់លានដុល្លារអាមេរិក។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ជាមួយនឹងវត្តមានវិនិយោគជប៉ុនកាន់តែច្រើននៅក្នុងប្រទេស ឆ្លុះបញ្ជាំងពីបរិកាសវិនិយោគនៅកម្ពុជាល្អប្រសើរ ខណៈរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់មុតស្រួចដើម្បីសម្រួលដល់ការធ្វើធុរកិច្ចនៅកម្ពុជា។
លោក លឹម ហេង ថ្លែងថា៖ «ក្រុមហ៊ុនជប៉ុន គាត់ជឿជាក់លើស្ថានភាពនយោបាយនៅកម្ពុជា មានតម្លាភាព ជាពិសេសច្បាប់វិនិយោគកម្ពុជា ដូច្នេះមិនថាក្រុមហ៊ុនជប៉ុន ឬអ្នកវិនិយោគបរទេសដទៃទៀត គាត់មានទំនុកចិត្តក្នុងការបណ្តាក់ទុនរកស៊ីនៅកម្ពុជា»៕
- Video Advertisement -