កម្ពុជា-ថៃ ប្រកាសបើកច្រកទ្វារអន្តរជាតិជាំក្នុងស្រុកអន្លង់វែងឡើងវិញ ក្រោយបិទអស់ជាង២ឆ្នាំ

ទីបំផុត! ច្រកទ្វារអន្តរជាតិជាំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកជាផ្លូវការវិញហើយ ក្រោយបិទអស់រយៈពេលជាង២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

ការប្រកាសបើកឡើងវិញជាផ្លូវការកាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ធ្វើឡើងក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក វ៉ាត់ថះណា វុតធិឆាត អភិបាលខេត្តស៊ីសាកេត ប្រទេសថៃ និងមន្ត្រីពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរជាច្រើនរូបទៀត។

ច្រកទ្វារអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបានបើកដំណើរការឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ឡើងវិញហើយ នៅវេលាម៉ោង១១ ព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២នេះ បន្ទាប់ពីច្រកមួយនេះបានបិទជាបណ្តោះអាសន្នដោយភាគីថៃអស់រយៈពេលជាង២ឆ្នាំ ដោយសារការរីករាលដាលជាសកលនៃមេរោគកូវីដ១៩។

តាមភាគីទាំងពីបានឲ្យថា ការបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-ថៃនាពេលនេះ បានកំណត់ថាជាការបើកសាកល្បងបណ្តោះអាសន្ន បើសិនជាដំណើរការបើកច្រកនេះប្រព្រឹត្របានទៅដោយរលូនមិនមានបញ្ហានោះទេ ភាគីថៃ នឹងលុបចោលលក្ខខណមួយចំនួនទៀត ដើម្បីឱ្យការចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំង២ បានដំណើរការដូចធម្មតាឡើងវិញ ដូចមុនពេលមានវិបត្តិជំងឺកូវីដ-១៩។

សូមរម្លឹកដែរថា កាលថ្ងៃទី១ ខែឧសភាកន្លងទៅនេះ កម្ពុជា-ថៃ ក៏បានបើកដំណើរការឡើងវិញ នូវច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ខណៈច្រកអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យក៏បានបើកដំណើរការកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២កន្លងទៅនេះផងដែរ៕

- Video Advertisement -