កម្ពុជា រំពឹងពីកំណើនទេសចរអន្តរជាតិ តាមរយៈការភ្ជាប់ផ្លូវនាវាពីច្រកព្រំដែន វៀតណាម-ថៃ
ក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមរយៈការតភ្ជាប់ផ្លូវនាវាពីច្រករបៀងព្រំដែនជាមួយប្រទេសវៀតណាម និងថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាមួយកាលថ្ងៃទី៣០ ខែឧសភា។
នាឱកាសនោះ ឯកឧត្ដម ថោង ខុន បានឲ្យដឹងថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិតខាង មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។ (អានបន្ថែម)
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ប្រសិនបើអភិវឌ្ឍខេត្តកំពត និងកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានយ៉ាងច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែននាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែបតែម្តង។
ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុង រួចបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងៗទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។
គួរបញ្ជាក់ថា កម្ពុជា វៀតណាម និងថៃ បានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរជាដើម៕

