កម្ពុជា សម្រេចនាំចេញផលិតផលសំខាន់ៗ ៥មុខ ទៅកាន់ទីផ្សារអូស្រ្តាលីជាលើកដំបូង
ផលិតផលកសិកម្មកម្ពុជាចំនួន ៥មុខ ក្នុងបរិមាណ ១២តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអូស្រ្តាលីជាលើកដំបូង ខណៈកម្ពុជា-អូស្ត្រាលី បានបន្តប្តេជ្ញាពង្រីកវិសាលភាពការនាំចេញបន្ថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី។
នេះបើយោងតាមពិធីសម្ពោធ ការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង របស់ក្រុមហ៊ុន Royal Trust Trading Co., Ltd (RTT) ក្រោមវត្តមានឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញនៃក្រសួងពាណិជ្ជកម្ម និងឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
នាឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា បានវាយតម្លៃខ្ពស់នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងអូស្ត្រាលី ដែលពង្រីកវិសាលភាពការនាំចេញរបស់កម្ពុជា និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះពាណិជ្ជកម្មប្រកបដោយចីរភាព។ ឯកឧត្តមបន្តថា ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីលើកដំបូងនេះ មានចំនួន ១២តោន ដែលនៅក្នុងនោះមាន៖ គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ខ្នុរស្ងួត ចេក និង នំត្រាវ។ បើតាមការគ្រោងទុក ការនាំចេញផលិតផលកសិកម្មទៅប្រទសអូស្ត្រាលីបន្តបន្ទាប់ទៀតនឹងមានចំនួនកើនឡើង និងមានផលិតផលកសិកម្មកាន់តែច្រើន។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល ៥ខែ ដំបូងនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសដែលជាដៃគូនាំចេញ-នាំចូល សម្រេចបានជាង ២៥ពាន់លានដុល្លារ កើនឡើង ១៨.៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ប្រភពដដែលនេះ បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែនេះ កម្ពុជានាំចេញទំនិញបានចំនួន ១១.៨០ពាន់លានដុល្លារ កើនឡើង ១៧.២% ខណៈការនាំចូលទំនិញមកវិញបានចំនួន ១៣.៤៨ពាន់លានដុល្លារ កើនឡើង ១៩.៧%។ (អានបន្ថែម)
ខណៈដែលកម្ពុជាបន្តលើកកម្ពស់ការនាំចេញកសិផលរបស់ខ្លួន ការដឹកជញ្ជូនលើកដំបូងនេះទៅកាន់ប្រទេសអូស្ត្រាលីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសនេះក្នុងការពង្រីកទំហំពាណិជ្ជកម្មរបស់ខ្លួន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។
- Video Advertisement -