កម្មវិធីប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩របស់ PropertyGuru ចាប់បើកហើយ

បន្ទាប់ពីទទួលបានជោគជ័យអស់រយៈពេលបីឆ្នាំរួចមក ក្រុមហ៊ុនអចលនទ្រព្យអនឡាញឈានមុខគេមួយនៅតំបន់អាស៊ី PropertyGuru Group បានប្រកាសបើកកម្មវិធីប្រកួត «ពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩ឬ Cambodia Property Awards 2019»របស់ខ្លួនជាផ្លូវការហើយ។

កាលពីព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៩ ក្រុមហ៊ុន PropertyGuru Group បានរៀបចំកម្មវិធីផ្សព្វផ្សាយការបើកកម្មវិធីប្រកួត«ពានរង្វាន់អចលនទ្រព្យកម្ពុជា»លើកទី៤របស់ខ្លួននៅសណ្ឋាគារ Raffles Hotel Le Royalភ្នំពេញ ក្នុងគោលបំណងស្វែងរកក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជាណាដែលមានភាពល្អលេចធ្លោជាងគេបំផុតសម្រាប់ឆ្នាំ២០១៩នេះ។

ក្នុងជំនួបជាមួយបណ្តាសារព័ត៌មានជាច្រើននាក់ ក្រុមហ៊ុនខាងលើបានប្រកាសលើកទឹកចិត្តដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ្នករចនា និងគម្រោងអចលនទ្រព្យនានានៅប្រទេសកម្ពុជាឲ្យចុះឈ្មោះប្រកួតយក« ពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩»ដើម្បីបង្ហាញពីស្នាដៃ និង ភាពអស្ចារ្យរបស់ខ្លួនជូនដល់អតិថិជនព្រមទាំងជាការចូលរួមលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាផងដែរ។

លោក Jules Kay នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីរបស់ PropertyGuru Group បានឲ្យដឹងថាកម្មវិធីនេះ គឺចង់បង្ហាញចលនារបស់ទីផ្សារអចលនទ្រព្យថាតើផ្នែកណាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយផ្នែកណាកំពុងអភិវឌ្ឍទៅជាវិស័យថ្មីនៅលើទីផ្សារ។

«ខ្ញុំគិតថាពានរង្វាន់អចលនទ្រព្យរបស់យើងពិតជាបង្ហាញពីទិដ្ឋភាពនៃឧស្សាហកម្មអចលនទ្រព្យទៅលើវិស័យជាច្រើនតាំងពីលំនៅដ្ឋាន ពាណិជ្ជកម្ម ល្បែងនិងកំសាន្ត និងសាធារណៈជាដើម»លោក Jules Kay បន្ថែមយ៉ាងដូចនេះ។

កម្មវិធីប្រកួត«ពានរង្វាន់អចលនទ្រព្យកម្ពុជា»ដែលមានប្រភេទនៃអចលនទ្រព្យពីចន្លោះ ៣០ ទៅ ៤០ ប្រភេទនេះ គឺនឹងធ្វើការវាយតម្លៃគ្រប់អចលនទ្រព្យទាំងអស់ដោយយុត្តិធម៌ តម្លាភាព និងភាពជឿជាក់ក្រោមការវាយតម្លៃដោយគណៈកម្មាធិការជំនាញជាច្រើនរូបក្នុងឧស្សាហកម្មនេះនិងជាពិសេសការត្រួតពិនិត្យដោយប្រព័ន្ធផ្តល់រង្វាន់ដែលមានជំនាញវិជ្ជាជីវៈរបស់ក្រុមហ៊ុន Binder DijkerOtte (BDO)។

លោក សន សៀប ប្រធានគណៈកម្មាធិការ«ពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩»បានឲ្យដឹងថាការវាយតម្លៃអចលនទ្រព្យ ទាំងនោះគឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនជាពិសេសការត្រួតពិនិត្យគុណសម្បត្តិនិងគុណវិប្បត្តិនៃអចលនទ្រព្យទាំងនោះថាតើវាស័ក្តសមនឹងទទួលបានពានរង្វាន់នេះឬអត់ក្រោមការផ្តល់ពិន្ទុដោយបណ្តាគណៈកម្មាធិការជាច្រើនរូបទៀត។

គណៈកម្មាធិការជំនាញផ្នែកអចលនទ្រព្យផ្សេងទៀតរួមមាន៖ អ្នកនាង អាន ធីតា នាយកក្រុមហ៊ុន CBRE Cambodia លោក Simon Griffiths នាយកគ្រប់គ្រងក្រុមហ៊ុន Urban Asset Solutions លោក សុខ ស៊ីផាណា នាយកគ្រប់គ្រងក្រុមហ៊ុន SokSiphana&associates លោក Michel Cassagnes នាយកគ្រប់គ្រងក្រុមហ៊ុន Archetype Cambodia និងលោក David Littlejohn នាយកផ្នែកលក់និងទីផ្សារក្រុមហ៊ុន Comin Khmer។

កម្មវិធីនេះបានចាប់ផ្តើមទទួលការចុះឈ្មោះចាប់ពីថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ដល់ ថ្ងៃទី ០៨ ខែ មិនា ឆ្នាំ ២០១៩ ហើយម្ចាស់ពានវង្វាន់ទៅតាមផ្នែកនីមួយៗនឹងត្រូវប្រកាសនៅថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៩ នៅឯសណ្ឋាគារ Sofitel Phnom Penh Phokeethra។

សូមបញ្ជាក់ជូនថា កម្មវិធី«ពានរង្វាន់អចលនទ្រព្យកម្ពុជា២០១៩» គឺជា ផ្នែកមួយនៃកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ីដែលមានវត្តមានតាំងពីឆ្នាំ២០០៥មកម្ល៉េះនិងបានវាយលុកទីផ្សារចំនួន១៥ក្នុងតំបន់អាស៊ី។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]