ការសិក្សាគម្រោងសាងសង់ព្រលានថ្មីលើដី៤០០ហិកតា នៅកោះកុង ត្រូវផ្អាកសិន ដោយសារវិបត្តិកូវីដ
Sommana Yan
- 5 ខែកក្កដា 2021
- 81 មើល
ការសិក្សាគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកោះកុងតម្លៃជាង ៤០លានដុល្លារ ដែលកំពុងធ្វើឡើងដោយក្រុមហ៊ុន លី យ៉ុងផាត គ្រុប និងក្រុមហ៊ុនថៃ Bangkok Airways តាំងពី ២ ឆ្នាំមុន ត្រូវបានផ្អាកមួយរយៈធំហើយ ពោលគឺគ្មានលទ្ធផលទៅមុខនោះទេ ដោយសារវិបត្តិកូវីដ។
យ៉ាងណាមិញ អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ទោះបីមានការយឺតយាវដូច្នេះ រដ្ឋនឹងមិនដកអាជ្ញាបណ្ណរបស់ក្រុមហ៊ុនទាំងពីរឡើយ ព្រោះយល់ពីស្ថានភាពបច្ចុប្បន្ន ហើយព្យាយាមជំរុញក្រុមហ៊ុនឱ្យបន្តអភិវឌ្ឍ។
ជាក់ស្ដែង រដ្ឋាភិបាលបានផ្តល់ទីតាំងមួយកន្លែង លើផ្ទៃដីប្រមាណ ៤០០ ទៅ ៦០០ហិកតា ក្នុងឃុំបាក់ឃ្លង ស្រុកមណ្ឌលសី ខេត្តកោះកុង ទៅក្រុមហ៊ុន លី យ៉ុងផាត និង Bangkor Airways កាលពីចុងឆ្នាំ២០១៩ មកម្ល៉េះដើម្បីសិក្សាគម្រោងនេះ ។
ប៉ុន្តែថ្មីនេះ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទស្សនាវដ្ដីនិងសំណង់ថា៖ «រយៈពេលប្រហែលពីរឆ្នាំនេះ អត់មានការអភិវឌ្ឍន៍អ្វីទាំងអស់។ ប៉ុន្តែ យើងអត់ដកអាជ្ញាបណ្ណទេ ព្រោះថាគម្រោងនេះផ្តួចផ្តើមដោយវិស័យឯកជន គឺប្រសិនបើគាត់សង់ គឺល្អ បើគាត់មិនសង់ ក៏អត់អីដែរ ព្រោះមិនប៉ះពាល់ដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសអីទេ»។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង២ នេះ ធ្លាប់សិក្សាចង់សង់គម្រោងព្រលានថ្មីលើទីតាំងព្រលានចាស់ ប៉ុន្តែដោយសារផលប៉ះពាល់ច្រើន ក្រុមហ៊ុនបានស្នើសុំរដ្ឋាភិបាល ជ្រើសរើសទីតាំងថ្មីដើម្បីសិក្សា ដែលនឹងរួមបញ្ចូលការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅក្បែរគម្រោងផងដែរ។ (អានបន្ថែម)
គួរបញ្ជាក់ផងដែរ នៅខេត្តកោះកុង ក៏មានគម្រោងសាងសង់អាកាសយានដ្ឋានខ្នាតអន្តរជាតិមួយទៀតដែរ គឺអាកាសយានដា្ឋនអន្តរជាតិតារាសាគរ ដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិន Tianjin Union Development Group ក្នុងទឹកប្រាក់ ៣៥០លានដុល្លារ។
ការសាងសង់ព្រលាននេះ បន្តដំណើរការដោយរលូនតាមកាលកំណត់ ដោយគ្រោងនឹងបើកឱ្យដំណើរការនៅចុងឆ្នាំ ២០២១ នេះហើយ។
- Video Advertisement -