កូរ៉េគ្រោងវិនិយោគវិស័យបរធនបាលកិច្ចនៅកម្ពុជា ដើម្បីពង្រីកទីផ្សារមួយនេះឱ្យរិតតែទូលំទូលាយ
ក្រុមហ៊ុន Mugungwha Trust Co., Ltd. របស់កូរ៉េ មានគម្រោងទៅវិនិយោគលើវិស័យបរធនបាលកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកទីផ្សារបរធនបាលកិច្ចនៅកម្ពុជាឱ្យរិតតែទូលំទូលាយ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ។
នេះបើតាមជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និង លោក Oh Chang-seok ប្រធានក្រុមហ៊ុននៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបនេះ លោក Oh Chang-seok បានជម្រាបឱ្យដឹងថា ក្រុមហ៊ុន Mugungwha Trust Co., Ltd. ជាក្រុមហ៊ុនបរធនបាលកិច្ចរៀបចំថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា ដែលកាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកធ្លាប់បានមកធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា ខណៈពេលនោះមិនទាន់មានក្រុមហ៊ុនណាមកវិនិយោគនៅឡើយ។
ជាងនេះទៅទៀត លោកក៏បានបន្ថែមថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា និងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា ដើម្បីសហការជាមួយក្រុមហ៊ុនឯកជននៅប្រទេសកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ចនេះឱ្យរិតតែមានភាពទូលំទូលាយថែមទៀត។
លោកបន្ត បច្ចុប្បន្ននៅកម្ពុជា ក្រុមហ៊ុនប្រភេទនេះត្រឹមតែ ៨ក្រុមហ៊ុនប៉ុណ្ណោះ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ចនេះ ហើយលោកចង់ចូលរួមចំណែកលើកតម្កើងប្រព័ន្ធសព្វថ្ងៃឱ្យដល់កម្រិតខ្ពស់បន្ថែមទៀតផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ បានជម្រាបទៅលោកប្រធានក្រុមហ៊ុនថា ប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជាដែលត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមុននេះ មិនទាន់ដំណើរការរលូនទេ ប្រៀបបាននឹងប្រព័ន្ធទីផ្សារមូលបត្រ ទោះបីជាបានបង្កើតទៅហើយក្តី គឺពុំមានដំណើរការដោយរលូននោះទេ គឺមានភាពរអាក់រអួលនៅឡើយ។
ជាមួយគ្នានេះដែរ សម្តេចក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ និងទៅចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាដែលមានច្បាប់អនុញ្ញាតរួច ហើយត្រូវធ្វើសកម្មភាពឱ្យសកម្ម។
ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានស្នើឱ្យក្រុមហ៊ុនទៅពិនិត្យមើលលើការវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យបរធនបាលនេះផងដែរ។
គួរបញ្ជាក់ថា ប្រទេសកូរ៉េ បានបង្កើតបរធនបាលកិច្ច នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ ដោយយកគំរូពីប្រទេសអឺរ៉ុប។ សព្វថ្ងៃនេះ វិស័យបរធនបាលកិច្ចនៅកូរ៉េ រីកចម្រើនជាងនៅអឺរ៉ុបទៅទៀត ហើយរួមចំណែកបានធ្វើឱ្យប្រទេសកូរ៉េ ប្រែក្លាយពីប្រទេសក្រីក្រទៅជាប្រទេសអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
- Video Advertisement -