កោះកុងបង្កើតក្រុមការងារពិសេសបង្រ្កាបការរំលោភដីរដ្ឋក្នុងតំបន់ការពារជាង ១៤ម៉ឺនហិកតា

រដ្ឋបាលខេត្តកោះកុង បានបង្កើតក្រុមការងារពិសេសមួយដើម្បីទប់ស្កាត់ និងបង្រ្កាបការរំលោភដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិជាង ១២ម៉ឺនហិកតា និងតំបន់គម្របព្រៃទំហំ ២ម៉ឺនហិកតា នៅខេត្តកោះកុង។

យោងតាមសេចក្តីសម្រេចចុះថ្ងៃទី៤ ខែមីនា ក្រុមការងារនេះ បង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់រានទន្រ្ទានយកដីរដ្ឋខុសច្បាប់ក្នុងតំបន់ការងារអនុក្រឹត្យលេខ ៣០ អនក្រ.បក អនុក្រឹត្យលេខ ៤៦ អនក្រ.បក និងដីរដ្ឋរបស់ខេត្ត។

ដីទាំងនោះ មួយចំណែកត្រូវបានរដ្ឋបាលខេត្តកោះកុងចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន សម្រាប់រក្សាទុកជាគម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង និងមួយចំណែកទៀតត្រូវរក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ក្រុមការងារនេះ ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានសមភាពមន្ទីរពាក់ព័ន្ធ អង្គភាពកងកម្លាំងមានសមត្ថកិច្ច និងចៅសង្កាត់ និងមេឃុំ។

ក្រុមការងារ នឹងចាប់ផ្ដើមចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសជាក់ស្តែង និងកសាងសំណុំរឿងទៅតុលាការ ក្នុងករណីចាប់បានបទល្មើស។

- Video Advertisement -