កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១ តម្លៃ ១៤០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ តម្លៃប្រមាណជា ១៤០លានដុល្លារ លើផ្ទៃដី សរុប ២០៧ហិកតា ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ នេះ បានសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖

  • ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតែអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា
  • ការសាងសង់ទីលាន កុងតឺន័រ មានទំហំផ្ទៃសរុប ៥៥.០០០ម៉ែត្រការ៉េ
  • ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨.៨០០ ម៉ែត្រការ៉េ
  • អគារត្រួតពិនិត្យទំនិញ មានទំហំ ១.៣៣០ម៉ែត្រការ៉េ
  • ការសាងសង់ច្រកទ្វារចូល- ចេញផ្នែកខាងមុខ មានរបាំងប៉ុស្តិ៍យាមហុំព័ទ្ធដោយរបងជុំវិញ
  • រោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាល កម្ពស់ ៣ជាន់ មានទំហំសរុប ១.៦៨៩ម៉ែត្រការ៉េ។

ដោយឡែកដំណាក់កាល ទី២ និងដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើង ដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០.០០០តោន អាចធ្វើប្រតិបត្តិការចូល-ចេញ កំពង់ផែប្រកបដោយសុវត្ថិភាព និងមានការសាងសង់ នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ។

ក្នុងពិធីសម្ពោធ សម្តេចបវរធិបតី បានមានប្រសាសន៍ថា កំពង់ផែពហុបំណងនឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត។

លើសពីនេះ កំពង់ផែថ្មីនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

ទន្ទឹមនឹងនេះ ការដឹកជញ្ជូនពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២២ កន្លងទៅ ទិន្នន័យរបស់ GlobalData ធ្លាប់បានចាត់ចំណាត់ថ្នាក់ថា កំពង់ផែពហុបំណងកំពត ជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]