ក្រសួងកំពុងសិក្សា ផែនការមេមានលក្ខណៈសមាហរណកម្មពហុវិស័យ លើគម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី

ក្រសួងទេសចរណ៍ កំពុងសិក្សាផែនការមេមានលក្ខណៈសមាហរណកម្មពហុវិស័យ (Intergrated Master Plan) ប្រែក្លាយខេត្តមណ្ឌលគិរី ក្នុងនោះរាប់បញ្ចូលទាំង «សមុទ្រឈើ» រមណីយដ្ឋានទេសចរណ៍ធម្មជាតិដ៏ល្បីរបស់កម្ពុជា ទៅជាតំបន់គោលដៅទេសចរណ៍ធម្មជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកាន់តែមានសក្ដានុពលខ្ពស់ថែមទៀត ទាំងសម្រាប់ក្នុងប្រទេស និងតំបន់ តាមរយៈគម្រោងព្រលានយន្តហោះថ្មី។

នៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីសិក្សារៀបចំផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួង បានលើកឡើងថា វិស័យទេសចរណ៍ជាវិស័យអន្តរវិស័យ ដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធ ដូចជា បរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួលឱ្យមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិស័យជាច្រើនទៀត ពិសេសគឺការ រៀបចំប្លង់គោលប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធ និងព្រលានយន្តហោះ។

មណ្ឌលគិរី ភូមិភាគឦសាន្តដ៏ស្តុកស្តម្ភដោយសម្បត្តិធម្មជាតិរបស់កម្ពុជា តំបន់ទេសភាពទាក់ទាញប្រមាណ ៣៩ កន្លែង នេះ បើតាមឯកឧត្ដមអភិបាលខេត្ត ស្វាយ សំអ៊ាងបានលើកឡើងក្នុងឱកាសនោះ។ ក្នុងនោះមានទាំងតំបន់ទឹកជ្រោះ និងទឹកធ្លាក់ធម្មជាតិ តំបន់វប្បធម៌ជនជាតិដើមភាគតិច ទេសភាពសមុទ្រឈើ ដែនជម្រកសត្វព្រៃ តំបន់ការពារធម្មជាតិ រមណីយដ្ឋានទេសចរណ៍កែច្នៃ ជ្រលងដងអូរ និងភ្នំធម្មជាតិ ចម្ការដំណាំចម្រុះពូជដែលអំណោយផលដល់វិស័យកសិទេសចរណ៍ និងបម្រើដល់សេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ស្រទាប់។

ក្នុងនោះដែរ រមណីយដ្ឋាន«សមុទ្រឈើ» ត្រូវបានទទួលការសាទរពីសំណាក់ ឯកឧត្តមបណ្ឌិត ថោង ខុន ពេលដែលឯកឧត្តមបានចុះត្រួតពិនិត្យស្ថានភាពវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី កាលពីពេលថ្មីៗនេះ។ ឯកឧត្តមក៏បានលើកទឹកចិត្តក្នុងការអភិវឌ្ឍតំបន់នេះឲ្យទៅជាតំបន់មានសក្ដានុពលវិស័យទេសចរណ៍ ដោយបន្ថែម ទេសចរណ៍ថ្មើរជើង (Trekking) ទេសចរណ៍ជិះកង់ក្នុងព្រៃ ទៅលើគម្រោងដែលមានស្រាប់។ នេះ បើយោងតាមការចុះផ្សាយរបស់ទំព័រហ្វេសបុកផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី ១១ ខែ ឧសភា កន្លងទៅ។

ភ្ជាប់ជាមួយគ្នានេះ ម្ចាស់រមណីយដ្ឋានលោក ជុំ វីរៈ និងលោកស្រី សួន ច័ន្ទសម្ផស្ស បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាត លោកគ្រោងនឹងបើកដំណើរការទទួលភ្ញៀវទេសចរជាផ្លូវការ នាឱកាសឆ្លងឆ្នាំសាកល ២០២០ ឆ្លងចូល ២០២១ ខាងមុខ ខណៈដំណើរការរៀបចំកន្លែងនានា ក៏កំពុងមមាញឹកផងដែរ។

ក្រឡេកទៅមើលវិស័យសេដ្ឋកិច្ចវិញ វិស័យកសិកម្មក្នុងខេត្តនេះ គឺជាវិស័យអាទិភាពបន្ទាប់ពីវិស័យទេសចរណ៍ ដែលក្នុងនោះ ដាំដុះបន្លែសរីរាង្គ ផ្កា ផ្លែឈើដល់ឆ្ងាញ់ពីសា ផ្គត់ផ្គង់តម្រូវការក្នុងខេត្ត និងទូទាំងប្រទេសទាំងមូល។

រីឯគម្រោងបង្កើតព្រលានយន្តហោះថ្មីក្នុងខេត្តមណ្ឌលគិរីនេះ មិនត្រឹមតែប្រើប្រាស់ជាព្រលានយន្តហោះក្នុងស្រុកសម្រាប់ដឹកជញ្ជូនបន្លែ ផ្លែឈើ និងផលិតផលទេសចរណ៍ទៅចែកចាយតាមទីខេត្តផ្សេងៗប៉ុណ្ណោះទេ តែទៅថ្ងៃអនាគត នឹងក្លាយជាអាកាសយានដ្ឋានប្រចាំតំបន់ (Regional airport) នឹងតភ្ជាប់ខេត្តមណ្ឌលគិរី ទៅកាន់គោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗ ផ្សេងទៀតរបស់អាស៊ាន និងរបស់ប្រទេសចិនផងដែរ។

ចំពោះសេចក្ដីព្រាងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី អាចនឹងត្រូវបញ្ចប់នៅដំណាចខែសីហា ឆ្នាំ២០២០នេះ បើតាមប្រសាសន៍ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ក្រសួងទេសចរណ៍តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ក្រសួង៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អឺរ៉ុបបង្ហាញមហិច្ឆតាអនុវត្តហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតងខ្នាតធំ​​ ខណៈ Bentley​ ប្ដេជ្ញាជួយ

នៅក្នុងសន្និសីទ WindEurope 2026  ប្រទេសនៅអឺរ៉ុបបានកំណត់ […]

អន្តរក្រសួងពិនិត្យសំណើសុំបង្កើតរោងចក្រផលិតអំបិល និងសិក្សាសក្តានុពលវិស័យអំបិលនៅកម្ពុជា

គណៈកម្មាធិការអន្តរក្រសួងដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិ […]

កំពង់ឆ្នាំងកំពុងប្រែខ្លួនជាមជ្ឈមណ្ឌលឧស្សាហកម្ម ជាមួយនឹងសហគ្រាសជាងពីរពាន់

គិតមកដល់ពេលបច្ចុប្បន្ននេះ ខេត្តកំពង់ឆ្នាំង មានរោងចក្រសហ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

Bentley ដាក់ឱ្យប្រើជំនួយការ AI ថ្មី សម្រាប់ប្រើក្នុងកម្មវិធីគ្រប់គ្រងបណ្តាញអគ្គិសនី

ក្រុមហ៊ុន Bentley Systems បានដាក់ដំណើរការកម្មវិធី OpenU […]

គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៧៣% ហើយ គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦

គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ តភ្ជាប់ពីតំបន់ចាក់អង្ […]