ក្រសួងជំរុញឱ្យជប៉ុនសិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងលឿនក្នុងទីក្រុងភ្នំពេញ
មន្រ្តីជាន់ខ្ពស់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឱ្យក្រុមហ៊ុនជប៉ុន NIPPON KOEI សិក្សាពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុងភ្នំពេញ (Tramway)។
ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា សំណើរមួយនេះបានលើកឡើង ដើម្បីស្វែងយល់ពីបទបង្ហាញរបស់ក្រុមការងារជំនាញនៃក្រុមហ៊ុនទាក់ទងនឹងគម្រោងកែលម្អប្រពន្ធ័ដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួនបីនៃផ្លូវដែកភាគខាងជើងរួមមាន៖ បាត់ដំបង សិរីសោភ័ណ និងប៉ោយប៉ែត ដើម្បីចូលរួមចំណែកក្នុងការប្រើប្រាស់ផ្លូវរថភ្លើងដែលមានស្រាប់សម្រាប់ការដឹកជញ្ជូនឱ្យបានកាន់តែប្រសើរឡើង។
នាឱកាសនោះដែរ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្នុងទីក្រុង(Tramway) ដែលជាប្រភេទដឹកជញ្ជូនមួយបែបមានការនិយមចូលចិត្តប្រើប្រាស់ពីសំណាក់ប្រជាពលរដ្ឋ មានតម្លៃថោក ផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគដោយសារតម្លៃរបស់វាថោក ធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារ JICA ធ្លាប់បានសិក្សារួចកន្លងមកផងដែរ។ (អានបន្ថែម)
បើតាមក្រសួងសារធារណការ បានឱ្យដឹងថា ក្រុមហ៊ុន NIPPON KOEI ទទួលបានការគាំទ្រពីសមាគមសហប្រតិបត្តិការដឹកជញ្ជូន ជប៉ុន ឬហៅកាត់ថា JTCA ជាអង្គភាពសហប្រតិបត្តិការអន្តរជាតិតែមួយគត់របស់ប្រទេសជប៉ុន ដែលផ្តោតជាសំខាន់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
កន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធអាទិភាពសម្រាប់ទីក្រុងភ្នំពេញនាពេលអនាគត គឺរថភ្លើងក្រោមដី ដែលនឹងជំនួសឱ្យការសាងសង់រថភ្លើងលើអាកាសដែលអង្គការដៃគូជប៉ុន (JICA) ធ្លាប់បានសិក្សា។ (អានបន្ថែម)
យ៉ាងណាមិញ ក្រៅពីស្នើទៅកាន់ជប៉ុន កាលពីពេលកន្លងទៅ ក្រសួងសារធារណការ ក៏ធ្លាប់បានស្នើដល់ក្រុមហ៊ុនឯកជនបរទេស សិក្សាលើលទ្ធភាពម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី (Subway) ឬ ផ្លូវរថភ្លើងលើអាកាស (Monorail) នៅរាជធានីភ្នំពេញផងដែរ៕ (អានបន្ថែម)
- Video Advertisement -