ក្រសួងដែនដីធ្វើមោឃៈប្លង់ដី ៣៩៩ សន្លឹក ដែលបានបាត់ក្នុងខេត្តស្វាយរៀង [មានលេខប្លង់]

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសជាធ្វើមោឃៈវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ចំនួន៣៩៩ សន្លឹក នៅភូមិព្រៃទទឹង ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ នេះបើតាមសេចក្តីជូនដំណឹងលេខ០០២ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២។

ការប្រកាសនេះ ធ្វើឡើងក្រោយពេលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង បានបាត់បណ្ណកម្មសិទ្ធិទាំងនោះកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។

បណ្ណកម្មសិទ្ធិដីទាំងនោះ ត្រូវបានបោះពុម្ពឈ្មោះកម្មសិទ្ធិករ (ផ្នែកខាងក្រោយ) រួចហើយ ប៉ុន្តែមិនបានបោះពុម្ពព័ត៌មានក្បាលដី និងផែនទីក្បាលដី (ផ្នែកខាងមុខ) នៅឡើយ។

បណ្ណកម្មសិទ្ធិដែលបាត់មានលេខរៀង៖ ពីលេខ No. 06598743 ដល់លេខ No.06598749, លេខ No.06598808 ដល់លេខ No.06598899, លេខ No.06598900, លេខ No.06611110 ដល់លេខ No. 06611123, លេខ No.06611201 ដល់លេខ No.06611388, លេខ No. 06611397 ដល់លេខ No.06611439, លេខ No.06611440 ដល់លេខ No. 06611453, លេខ No. 06611459 ដល់លេខ No.06611500។

លើសពីនេះ ក្រសួងបានក្រើនឱ្យសាធារណៈជនទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់មុនធ្វើកិច្ចសន្យាផ្សេងៗពាក់ព័ន្ធនឹងអចលនវត្ថុ ដើម្បីជៀសវាងការចាញ់បោកជនទុច្ចរិត ដែលប្រើប្រាស់បណ្ណកម្មសិទ្ធិក្លែងបន្លំ ដើម្បីទទួលបានប្រាក់កក់ ឬប្រាក់កម្ចីជាដើម។

ក្រសួងក៏តម្រូវឱ្យមានការបញ្ជាក់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅរដ្ឋបាលសុរិយោដីជាមុនសិន មុននឹងធ្វើកិច្ចសន្យាផ្សេងៗ។

 

- Video Advertisement -