ក្រសួងបរិស្ថាន និងក្រុមហ៊ុនចិន នឹងរួមគ្នាគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនរយៈពេល១០ឆ្នាំ
ក្រុមហ៊ុន Mizuda Group ណែនាំពីបញ្ញាសិប្បនិម្មិត និងដំណោះស្រាយបំលែងកាកសំណល់ទៅជាថាមពល ដើម្បីធានាអនាគតដ៏ស្អាត និងមាននិរន្តរភាពជាងមុនសម្រាប់កម្ពុជា
ក្រសួងបរិស្ថាន និងក្រុមហ៊ុន Mizuda Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម សំណល់រឹង ក្នុងទីប្រជុំជន រយៈពេល១០ឆ្នាំ (២០២៦-២០៣៦)។ នេះបើយោងតាមហ្វេសប៊ុកក្រសួងបរិស្ថានកាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុន Mizuda Group Co.,Ltd។
នាឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា ដែលបានរៀបចំឡើង បានឆ្លើយតបនឹងបន្តមរតកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អដ៏យូរអង្វែង រវាងកម្ពុជា និងប្រទេសចិន ដែលមានការរីកចម្រើនគ្រប់វិស័យទាំងអស់ ក្នុងនោះមានវិស័យបរិស្ថានផងដែរ និងការឆ្លុះបញ្ចាំងកាន់តែច្បាស់ពីចំណងមិត្តភាពដែកថែបភាពជាបងប្អូននៃប្រទេសទាំងពីរ។
បន្ថែមនេះ ឯកឧត្តមថា ក្រុមហ៊ុន Mizuda នឹងចាប់ផ្តើមធ្វើការរៀបចំឯកសារលើផែនការវាយតម្លៃ និងគំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត ដើម្បីធ្វើការគ្រប់គ្រងសំរាម សំណល់ទីប្រជុំជន តាមស្តង់ដារ និងមានអនាម័យល្អ ស្របតាមច្បាប់របស់កម្ពុជា។ ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តោតសំខាន់ការគ្រប់គ្រង និងការញែកសំរាម ការទាញយកតម្លៃសេដ្ឋកិច្ចពីសំរាម និងការកែច្នៃសំរាម សម្រាប់ថាមពលអគ្គិសនីប្រើប្រាស់ជាដើម នៅតាមទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន នៅតាមទីលានទុកដាក់សំរាមនៅតាមបណ្តាខេត្តនានា។
សូមបញ្ជាក់ថា ស្របនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើការអប់រំ ផ្សព្វផ្សាយ តាមរយៈយុទ្ធនាការនានា ដោយចាប់ផ្តើមពីការធ្វើឱ្យភាពស្អាត នៅក្នុងខ្លួនបុគ្គលម្នាក់ៗ បន្តមកភាពស្អាតនៅក្រៅខ្លួន ដែលត្រូវធ្វើសកម្មភាពសម្អាត មានការទុកដាក់សំរាម ដើម្បីកម្ពុជាមានភាពស្អាតជានិច្ចនិរន្តរិ៍៕ (អានបន្ថែម)
- Video Advertisement -