ក្រសួងប្រៃសណីយ៍រៀបចំវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថលឆ្នាំ២០២៥ ដោយជោគជ័យ
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានរៀបចំវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ក្រោមប្រធានបទ “ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល” បានប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ៥-៧ ខែធ្នូ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ប្រកបដោយលទ្ធផលជោគជ័យដ៏ត្រចះត្រចង់ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីឌីជីថលអាស៊ាននិងអាស៊ី-ប៉ាស៊ីហ្វិក អង្គទូត ទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ក្រសួង ស្ថាប័ន ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីឌីជីថល គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធផ្សេងទៀតជាច្រើន ព្រមទាំងមានការចូលរួមទស្សនាពីសាធារណជនជាតិ-អន្តរជាតិ ប្រមាណ ជិត ២០,០០០ នាក់ ដែលកើនឡើងលើសឆ្នាំមុនជិត ២ ដង។
ក្នុងរយៈពេល ៣ ថ្ងៃនេះ វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ បានប្រព្រឹត្តទៅដោយបែងចែកជា ២ ផ្នែកសំខាន់ៗ ដូចខាងក្រោម៖
ផ្នែកទី១ កិច្ចពិភាក្សា និងបទបង្ហាញគន្លឹះ របស់ថ្នាក់ដឹកនាំជារដ្ឋមន្ត្រី អនុរដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកវិស័យឌីជីថល វាគ្មិនជាតិនិងអន្តរជាតិមកពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលជាតិនិងអន្តរជាតិ ដើម្បីបង្ហាញអំពីវឌ្ឍនភាពនៃដំណើរបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការអនុវត្តគោលនយោបាយឌីជីថល ការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការចែករំលែកឧត្តមានុវត្តន៍ពាក់ព័ន្ធអភិបាលកិច្ចឌីជីថល សន្តិសុខសាយប័រ បញ្ញាសិប្បនិម្មិត បរិយាបន្នឌីជីថល និងបច្ចេកវិទ្យាឌីជីថលឈានមុខថ្មីៗ ជាដើម។ ជាពិសេស វេទិកាឆ្នាំនេះ ក៏មានរៀបចំជា ព្រឹត្តិការណ៍ជាតិនិងអន្តរជាតិអម (Side Events) សំខាន់ៗ ចំនួន ៦ ក្នុងពេលដំណាលគ្នាផងដែរ។ ជារួម វេទិកាឆ្នាំនេះ មានវាគ្មិនជាតិនិងអន្តរជាតិ ចូលរួមសរុបប្រមាណជិត ២០០ នាក់ មកពីប្រមាណ ៣០ ប្រទេស។
ផ្នែកទី២ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល ដែលបង្ហាញពីសមិទ្ធផលក្នុងវិស័យឌីជីថលរបស់ក្រសួង ស្ថាប័នរដ្ឋ នវានុវត្តន៍ឌីជីថលនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលជាតិនិងអន្តរជាតិ គ្រឹះស្ថានឧត្តមសិក្សា ធុរកិច្ចថ្មីឌីជីថល មានជាអាទិ៍ ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ប្រព័ន្ធ ដំណោះស្រាយ និងឧបករណ៍ឌីជីថលដែលជាបច្ចេកវិទ្យាថ្មីៗ ដូចជា បច្ចេកវិទ្យាក្លោដ បញ្ញាសិប្បនិម្មិត (AI) អ៊ីនធឺណិតនៃវត្ថុ (IoT) ឬឧបករណ៍រ៉ូបូទិក (Robotic) ជាដើម ដែលមានស្ដង់ពិព័រណ៍សរុបចំនួន ២០៩។
អ្វីដែលពិសេស សម្រាប់វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ2025 នេះ គឺ៖
១. ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៧ ជាមួយប្រទេសជាមិត្តនិងដៃគូពាក់ព័ន្ធ ក្នុងវិស័យឌីជីថល ដែលបង្ហាញថា នៅពេលនេះ កម្ពុជាមិនត្រឹមតែជាតួអង្គអ្នកប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនោះទេ ប៉ុន្តែបានប្រែក្លាយខ្លួនទៅជាតួអង្គដ៏សកម្មក្នុងការរួមចំណែកធ្វើបរិវត្តកម្មឌីជីថលនិងផ្ទេរបច្ចេកវិទ្យាឌីជីថលទាំងក្នុងកម្រិតតំបន់អាស៊ាន ជាពិសេស ឈានដល់តំបន់អាស៊ី-ប៉ាស៊ីហ្វិកបន្ថែមទៀត។
២. ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវនៃសេវាទូរសព្ទចល័ត 5G ចាប់ពីឆ្នាំ២០២៦ តទៅ ដែលនឹងអាចជួយបង្កើនផលិតភាពសេដ្ឋកិច្ចរបស់កម្ពុជាក្នុងកម្រិតខ្ពស់ ជាពិសេស ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម ព្រមទាំងជួយជំរុញល្បឿននៃដំណើរការបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់វិស័យ។
៣. វឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃដំណើរការប្រតិបត្តិការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ដែលមកដល់ពេលនេះ និម្មាបនកម្មនៃថ្នាលនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅប្រទេសហ៊្វីលីពីន ហើយប្រទេសបង់ក្លាដេសក៏បានស្នើសុំប្រើប្រាស់ថ្នាល verify នៅប្រទេសរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏កំពុងជួយរៀបចំដាក់ឱ្យប្រើថ្នាល verify.gov.tl ជាជំហានដំបូង នៅលើបណ្ណបើកបររបស់ប្រទេសទីម័រឡេស្តេផងដែរ។
៤. ថ្នាល DG SuperApp ជំនាន់ទី១ របស់កម្ពុជានឹងមានវត្តមានក្នុងដំណើរការបរិវត្តកម្មឌីជីថលក្នុងឆ្នាំ២០២៦។
៥. វត្តមានរបស់ក្រុមហ៊ុន Plug and Play បានធ្វើឱ្យក្តីសង្ឃឹមរបស់អ្នកបច្ចេកវិទ្យា និងយុវជនដែលចាប់អារម្មណ៍លើធុរកិច្ចថ្មីឌីជីថល មានការកើនឡើងខ្ពស់ ជាពិសេស នៅក្រោយពេលដែលធុរកិច្ចថ្មីឌីជីថលរបស់កូនខ្មែរទី១ គឺ Bamnang Academy ត្រូវបានក្រុមហ៊ុន Plug and Play ជ្រើសរើសដាក់ទុនវិនិយោគ និងមានបំណងជំរុញឱ្យទៅជាក្រុមហ៊ុនកម្រិតអន្តរជាតិ ដែលនេះបញ្ជាក់ឱ្យឃើញច្បាស់ថា “ខ្មែរធ្វើបាន”។ ជាមួយបទពិសោធរបស់ក្រុមហ៊ុន Plug and Play ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា Bamnang Academy នឹងមានវត្តមាននៅលើទីផ្សារអន្តរជាតិ ក្នុងពេលឆាប់ៗខាងមុខ។
៥. ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្តេជ្ញានឹងបន្តជំរុញការអភិវឌ្ឍ សួនឌីជីថល (Digital Park) ឱ្យបានយ៉ាងឆាប់រហ័ស ប្រកបដោយភាពជោគជ័យ ដើម្បីជំរុញឱ្យមានកំណើនការងារ ប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Hub) មួយក្នុងតំបន់។
ការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំកំពូល និងថ្នាក់ដឹកនាំជាន់ខ្ពស់នានានៃរាជរដ្ឋាភិបាល ការចូលរួមពីសំណាក់ប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍន៍នានា កិច្ចសហការរៀបចំព្រឹត្តិការណ៍អម ការចូលរួមដាក់តាំងពិព័រណ៍ និងការចូលរួមទស្សនាពីសាធារណជនយ៉ាងច្រើនកុះករនេះ បានញ៉ាំងឱ្យវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ នេះ កាន់តែមានភាពអធិកអធម និងទទួលបានជោគជ័យ លើសពីការគ្រោងទុក ហើយបានក្លាយទៅជាព្រឹត្តិការណ៍ឌីជីថលដ៏ធំនៅកម្ពុជា មុនដំណាច់ឆ្នាំ២០២៥ នេះ។ ភាពជោគជ័យនេះ បានបង្ហាញជាក់ច្បាស់ថា កម្ពុជាកំពុងបោះជំហានយ៉ាងស្វាហាប់នៅលើវិថីមួយដ៏ត្រឹមត្រូវឆ្ពោះទៅរកដំណើរការបរិវត្តកម្មឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយ សំដៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
- Video Advertisement -