ក្រសួងរៀបចំដែនដី ចែកប្លង់ដីធ្លីឥតគិតថ្លៃសរុប ៧០៤ ប្លង់ ដល់ពលរដ្ឋក្នុងខេត្តក្រចេះ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានផ្ដល់ប្លង់ដីសរុបចំនួន ៧០៤ប្លង់ ដល់ពលរដ្ឋក្នុងឃុំគោលដៅចំនួន៥ ក្នុងខេត្តក្រចេះ តាមរយៈគម្រោងបែងចែកដី LASED ជំហានទី២។
កម្មវិធីនេះធ្វើឡើងក្រោម វត្តមាន ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិ។
ពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ធិដីមានសរុប ៤៥៨ គ្រួសារស្មើនឹង ៧០៤បណ្ណ ហើយមកពីឃុំគោលដៅចំនួន៥ គឺឃុំសំបុក ឃុំចង្រ្កង់ ឃុំដារ និងឃុំថ្មី ក្នុងស្រុកចិត្របុរី និងនិងឃុំចំបក់ ក្នុងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។
តាមរយៈគម្រោង LASED II រដ្ឋាភិបាលបានបែកចែកដីនៅតាមបណ្តាខេត្តគោលដៅចំនួន៥ សរុបទំហំ ១៦.១១៣ ហិកតា ស្មើនឹង ៣.៩៦០គ្រួសារ ឬ ៦.៩៣២បណ្ណ។
គួរបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ឬស្គាល់ជាទូទៅថា LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។
គម្រោងនេះជាការសហការគ្នារវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាធនាគារពិភពលោក ដែលមកទល់មកបច្ចុប្បន្នបានដំណើរការមកដល់ជំហានទី៣ ហើយ។ តាំងពីចាប់ផ្ដើមគម្រោងកាលពីឆ្នាំ ២០០៨ មកទល់បច្ចុបន្ន ដីធ្លីសរុបយ៉ាងហោចជាង ៣ ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង ៥ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត ៤០លានដុល្លារ។ (អានបន្ថែម)