ក្រសួង២រួមគ្នាបង្កើតមណ្ឌលបច្ចេកវិទ្យាតាមវិទ្យាល័យសាធារណៈ ដើម្បីជំរុញវិស័យឌីជីថលនៅកម្ពុជាឱ្យខ្លាំង
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅតាមវិទ្យាល័យសាធារណៈ ដើម្បីអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថល។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។
អនុស្សារណនេះ មានវត្ថុបំណងសំខាន់ៗចំនួន ០៣ដូចជា៖ (១) ការចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ (២) ការលើកកម្ពស់បរិវត្តកម្មវិស័យអប់រំ និងអក្ខរកម្មឌីជីថល និង (៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។
ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ បានមានប្រសាសន៍ថា ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធើណែត និងការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកបដោយសក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីនៃការអប់រំបែបឌីជីថលឱ្យរឹងមាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបន្ថែមថ្មីមួយទៀតរវាងក្រសួងទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្តអភិវឌ្ឍធនធានមនុស្សបច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។
ទន្ទឹមនឹងនេះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.អ.យ.ក. បានថ្លែងឱ្យដឹងដែរថា ការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” នៅតាមវិទ្យាល័យសាធារណៈ នឹងរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងការធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និងសហគមន៍ទាំងមូល។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ បានចាប់ផ្តើមសាងសង់នៅវិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ។ (អានបន្ថែម)
គម្រោងនេះ នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស។
- Video Advertisement -