ក្រសួង ២ រួមដៃគ្នាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធខេត្តចំនួន ៧ ឱ្យទៅជាតំបន់និរន្តភាពទេសចរណ៍
ក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ កំពុងធ្វើការួមគ្នាលើកកម្ពស់ហេដ្ឋារចនា និងរៀបចំគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៅខេត្តគោលដៅចំនួន ៧។
យោងតាមកិច្ចប្រជុំមន្រ្តីពាក់ព័ន្ធកាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមកនេះ ខេត្តគោលដៅទាំង ៧ ដែលក្រសួងបាននឹងកំពុងអនុវត្តការងារ រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ។
ដោយឡែក តំបន់ដែលនឹងត្រូវអនុវត្តក្នុងខេត្តទាំង ៧ នោះ រួមមាន តំបន់ជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល និងខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ និងសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបជាដើម។
តាមផែនការ គម្រោងទាំងមូលនឹងរួមមាន ការបោះបង្គោលព្រំ ការសាងសង់ទីស្នាក់ការឧទ្យានុរក្សចំនួន ៣កន្លែង មជ្ឈមណ្ឌលព័ត៌មានចំនួន ៣កន្លែង ក៏ដូចជាការលើកកម្ពស់ជីវភាពសហគមន៍ និងខ្សែច្រវាក់អនុផលព្រៃឈើផងដែរ។
មកទល់បច្ចុប្បន្ន ក្រសួងបានកំណត់ផែនការវិនិយោគ និងកំណត់ទិសដៅការងារជាមួយនឹងក្រុមហ៊ុនឯកជន Emerging 360 រួចហើយ។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា៖ « តាមរយៈការរៀបចំពង្រីក និងស្ដារហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជារៀបចំផែនការនិរន្តភាពទេសចរណ៍ធម្មជាតិនេះ នឹងធ្វើឱ្យខេត្តគោលដៅទាំងនោះ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិច្រើនជាងមុន ដែលជួយប្រមូលថវិកាចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ផងដែរ»។
គួរបញ្ជាក់ផងដែរថា គម្រោងនេះទៀតសោត កំពុងអនុវត្តក្រោមជំនួយពីធនាគារពិភពលោកដែលមានរយៈពេល៦ឆ្នាំ (២០២០-២០២៥)។