ក្រុមហ៊ុនអាមេរិកបានចូលរួមប្រកួតប្រជែងគម្រោងប្លង់ស្ថាបត្យកម្មលំនៅដ្ឋានតម្លៃសម�
លំនៅដ្ឋានតម្លៃសមរម្យបាននិងកំពុងក្លាយជាទិសដៅសំខាន់មួយរបស់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាកង្វះលំនៅដ្ឋានជូនប្រជាពលរដ្ឋដែលកាលពីប៉ុុន្មានខែមុនមកនេះ កម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិបានដាក់ចេញការប្រកួតប្រជែងរចនាប្លង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យចំនួន ៣០០០ខ្នង សម្រាប់បុគ្គលិក-កម្មករ ដែលមានប្រាក់ចំណូលទាប។
ជាមួយគ្នានេះដែរ ថ្មីៗនេះក្រុមហ៊ុនស្ថាបត្យកម្មដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិកឈ្មោះថា qastic lab បានចូលរួមក្នុងការប្រកួតប្រជែងខាងលើជាមួយនឹងគម្រោងប្លង់ស្ថាបត្យកម្មប្រកបដោយភាពច្នៃប្រណីតខ្ពស់សាកសមរម្យសម្រាប់បរិកាសកម្ពុជាបំផុត។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានផ្នែកស្ថាបត្យកម្មឈ្មោះថា Designboom កាលពីពេលថ្មីៗនេះបានឲ្យដឹងថា គម្រោងប្លង់ស្ថាបត្យកម្មនេះគឺបានរួមបញ្ចូលនូវមូលដ្ឋាន នៃបច្ចេកទេសសាងសង់ ដូចជា៖ ១) សម្ភារវត្ថុធាតុដើមដែលអាចរកបាន ២) អាកាសធាតុ ៣) ទំហំទីតាំងដែលបានកំណត់ ៤) ការគិតគូរពីនិរន្តភាព ៥)ការសន្សំការប្រើប្រាស់ថាមពល ដែលធ្វើយ៉ាងណាឲ្យគម្រោងនេះមានការចំណាយតិចបំផុត។
គ្រោងឆ្នឹងនៃគម្រោងប្លង់ខាងលើនេះគឺត្រូវបានរចនាសម្ព័ន្ធឡើងដោយប្រើប្រាស់សសរបេតុងកណ្តាលឈរជាជួរៗដែលអាចទ្រទ្រង់ពិដានទាំងបួននៃផ្ទះនីមួយៗដែលនឹងធ្វើឲ្យទំហំទីធ្លាមានភាពទូលាយនិងបត់បែនបាន។
តាមប្រភពដដែលបានឲ្យដឹងថា គោលគំនិតចម្បងសម្រាប់គម្រោងប្លង់នេះគឺការឆ្លើយតបទៅនឹងសំណួរសំខាន់ចំនួនពីររួមមាន៖ ១) តើត្រូវរចនារបៀបណាដែលអាចគ្រប់គ្រងតម្លៃសម្រាប់សំណង់លំនៅដ្ឋានចំនួន ៣០០០ ខ្នងដែលមានទំហំ ៤០ម៉ែត្រការ៉េ ក្នុងមួយខ្នងសមស្របសម្រាប់បរិយាកាសនៅប្រទេសកម្ពុជាដែលមានអាកាសធាតុត្រូពិចនិងអាចទប់ទល់បាននឹងការប្រឈមគ្រោះថ្នាក់ទឹកជំនន់ និង ២) តើធ្វើយ៉ាងណាដើម្បីអាចគ្រប់គ្រងតម្លៃនៃការរស់នៅសម្រាប់កម្មកររោងចក្រឬអ្នកប្រើអគារនេះ?
ដើម្បីអាចគ្រប់គ្រងតម្លៃសម្រាប់គម្រោងសំណង់នេះ ក្រុមហ៊ុន qastic lab បានដាក់ស្នើគំនិតនៃការបង្កើត “ផ្ទះដើមឈើបួនជាន់”។ ក្នុងន័យនេះ សសរបីកណ្តាលដែលមានធ្នឹមកើយ៣ម៉ែត្រគឺនឹងអាចទ្រទ្រង់ស្នូលពិដានបេតុងចំនួនបួនដែលនឹងត្រូវប្រើជាមុខដំណនៃជញ្ជាំងឥដ្ឋសម្រាប់ដំបូលប្រហោងរាងធ្នូ។ បេតុងនិងឥដ្ឋគឺជាវត្ថុធាតុចម្បងសម្រាប់គម្រោងនេះព្រោះវាត្រូវបានប្រើប្រាស់ជាទូទៅនៅប្រទេសកម្ពុជាដែលនេះគឺនឹងអាចសន្សំការចំណាយសម្រាប់គម្រោងផ្ទះនីមួយៗ។
ដំបូលប្រហោងរាងធ្នូ គឺភ្ជាប់ជាមួយផ្ទាំងថាមពលព្រះអាទិត្យដែលនឹងជាទម្រង់ធរណីមាត្រសំខាន់សម្រាប់ផ្ទះនីមួយៗដែលក្នុងករណីនេះវាអាចបង្កើតផ្ទៃបន្ថែមដើម្បីស្រូបពន្លឺព្រះអាទិត្យ។ បន្ថែមជាងនេះទៅទៀត ក្រុមហ៊ុននេះបានរចនាប្លង់លំនៅដ្ឋាននីមួយៗឲ្យមានឯកជនភាពដោយផ្ទះនីមួយៗនឹងមិនបែបមុខទៅរកគ្នាឡើយព្រមទាំងធ្វើឲ្យលំហូរនៃខ្យល់ចេញចូលអគារកាន់តែច្រើន។
- Video Advertisement -