ក្រុមហ៊ុនអាមេរិក CRL បោះទុន ៥០០លានដុល្លារវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង

មជ្ឈមណ្ឌលស្រាវជ្រាវ និងបង្កាត់ពូជជីវវេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់ នឹងធ្វើទំនើបកម្មវិស័យវិទ្យាសាស្ត្ររបស់កម្ពុជា ជាមួយការបង្កើតការងារជំនាញ និងបង្កើនកិច្ចសហប្រតិបត្តិការស្រាវជ្រាវអន្តរជាតិ

ក្រុមហ៊ុន Charles River Laboratories (CRL) ដែលជាក្រុមហ៊ុនធំមួយរបស់សហរដ្ឋអាមេរិក​ បានសម្រេចបោះទុន ៥០០លានដុល្លារ ដើម្បីវិនិយោគក្នុងខេត្តកំពង់ធំរយៈពេលវែង ដោយផ្តោតសំខាន់ៗទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមស្វា និងបង្កើតសួនឧស្សាហកម្មជាដើម។ នេះបើយោងតាមពិធីស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនអាមេរិក CRL នៅក្នុងខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការវិនិយោគនេះគឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យកសិកម្ម និងវិទ្យាសាស្ត្រ។ ឯកឧត្តមបានបញ្ជាក់ថា ការជ្រើសរើសខេត្តកំពង់ធំធ្វើជាទីតាំងគម្រោង គឺដោយសារតែសក្តានុពលយុទ្ធសាស្ត្រនៃទីតាំងភូមិសាស្ត្រដែលស្ថិតនៅចំកណ្តាលប្រទេស និងមានលក្ខខណ្ឌអំណោយផលបំផុតសម្រាប់តម្រូវការប្រតិបត្តិការរយៈពេលវែងរបស់ក្រុមហ៊ុន។ ឯកឧត្តមបន្តទៀតថា គម្រោងក្រុមហ៊ុន CRL នាពេលនេះ ក៏ដូចជាគម្រោងវិនិយោគផ្សេងៗទៀត ទាំងជាគម្រោងរបស់រដ្ឋ និងទាំងវិស័យឯកជន ដែលគម្រោងខ្លះបាននិងកំពុងអនុវត្ត ហើយគម្រោងខ្លះទៀតកំពុងស្ថិតក្នុងដំណាក់កាលរៀបចំ ដូចជា៖ សួនឧស្សាហកម្មចន្ទី សួនកសិ-ឧស្សាហកម្ម និងការចិញ្ចឹមខ្យង់គុជ ព្រមទាំងគម្រោងអភិវឌ្ឍទេសចរណ៍ វារីវប្បកម្ម ឧស្សាហកម្មកែច្នៃស្រូវ កៅស៊ូ និងដំឡូងមីជាដើម។

ក្រៅពីដើមទុនដ៏មហាសាល គម្រោងនេះត្រូវបានរំពឹងថានឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច និងសង្គមយ៉ាងច្រើនដល់សហគមន៍មូលដ្ឋាន។ មជ្ឈមណ្ឌលនេះនឹងបង្កើតឱកាសការងារជំនាញជាច្រើនសម្រាប់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់នូវការបណ្តុះបណ្តាលបច្ចេកទេសកម្រិតខ្ពស់ដែលជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មកម្ពុជាឱ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ លើសពីនេះ វត្តមានរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រលំដាប់ពិភពលោកនេះ នឹងជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់កម្ពុជាក្នុងនាមជាមជ្ឈមណ្ឌលដែលកំពុងលេចធ្លោសម្រាប់វិស័យវិទ្យាសាស្ត្រជីវសាស្ត្រ និងការស្រាវជ្រាវជីវវេជ្ជសាស្ត្រសកល។

តាមរយៈការវិនិយោគរបស់អាមេរិកនេះដែរ ឯកឧត្តម បានចាត់ទុកថា គម្រោងវិនិយោគដ៏ធំនេះ ក៏ជាបង្គោលចរដ៏សំខាន់មួយ (Milestone) នៃកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជានិងសហរដ្ឋអាមេរិកក្នុងវិស័យកសិកម្ម វិទ្យាសាស្ត្រ ការស្រាវជ្រាវ និងពាណិជ្ជកម្ម ប្រកបដោយការទទួលខុសត្រូវ និងដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង។

នៅក្នុងប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុន Charles River Laboratories បានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះស្តង់ដារសីលធម៌ខ្ពស់បំផុត រួមមានសុខុមាលភាពសត្វ និងការអនុវត្តការងារប្រកបដោយតម្លាភាព តាមរយៈកិច្ចសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ។ ជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម ក្រុមហ៊ុនក៏បានបង្កើតមូលនិធិសង្គមដើម្បីគាំទ្រដល់វិស័យអប់រំ និងសុខាភិបាលក្នុងតំបន់ផងដែរ។ កិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនឯកជនអាមេរិកមួយនេះ មិនត្រឹមតែជាការវិនិយោគលើវិស័យឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺជាការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់វិស័យវិទ្យាសាស្ត្រ និងការស្រាវជ្រាវដែលជួយសង្គ្រោះជីវិតមនុស្សនៅជុំវិញពិភពលោក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]