ក្រុមហ៊ុនឯកទេសវេជ្ជសាស្ត្ររបស់អាមេរិក ចង់វិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា
ក្រុមហ៊ុន Siemens Healthineers បានបង្ហាញពីចំណាប់អារម្មណ៍ចង់ជំរុញវិនិយោគបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅកម្ពុជា។ នេះបើយោងតាមជំនួបពីភាក្សារវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោកស្រី Tisha Botman អនុប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Siemens Healthineers កាលថ្ងៃទី៥ វិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺសំដៅជំរុញឱ្យ Siemens Healthineers ពិនិត្យលទ្ធភាពនៃការចូលរួមផ្គត់ផ្គង់ បំពាក់ និងថែទាំឧបករណ៍វេជ្ជសាស្ត្របច្ចេកវិទ្យាខ្ពស់នៅកម្ពុជា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សុខាភិបាលរបស់រាជរដ្ឋាភិបាល ជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការផ្តោតសំខាន់របស់រដ្ឋាភិបាលលើការពង្រឹងគុណភាពសេវាសុខាភិបាលជូនពលរដ្ឋ។
ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការចូលរួមជួយអភិវឌ្ឍសមត្ថភាពមន្ត្រីសុខាភិបាល និងអ្នកជំនាញពាក់ព័ន្ធផ្សេងទៀតផងដែរ ដោយផ្តោតលើការបណ្តុះបណ្តាលគ្រូពេទ្យជំនាញ(Radiologists) និងវិស្វករដែលអាចថែទាំ និងជួសជុលឧបករណ៍បច្ចេកវិទ្យាខ្ពស់បានដោយខ្លួនឯង (Localization of Skill)។ ឯកឧត្តម ថែមទាំងបានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីធ្វើពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនផងដែរ។
ជាការឆ្លើយតប ថ្នាក់ដឹកនាំក្រុមហ៊ុន Siemens មានចំណាប់អារម្មណ៍ចំពោះចក្ខុវិស័យអភិវឌ្ឍន៍វិស័យសុខាភិបាលរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់ ដោយលើកឡើងថា ពួកគេនឹងពិនិត្យលទ្ធភាពនៃការពង្រីកវត្តមាន និងការវិនិយោគរបស់ខ្លួនលើវិស័យសុខាភិបាលនៅកម្ពុជា។ ក្រុមហ៊ុន ក៏ប្រាប់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវបច្ចេកវិទ្យាជំនាន់ចុងក្រោយ និងដំណោះស្រាយសុខាភិបាលប្រកបដោយនិរន្តរភាពដល់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Siemens Healthineers ជាក្រុមហ៊ុនឯកទេសលើបច្ចេកវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់ លំដាប់ថ្នាក់ពិភពលោក និងមានក្រុមហ៊ុន Varian ដែលឈានមុខគេនៅលើពិភពលោក ក្នុងការផលិតបរិក្ខាសម្រាប់ព្យាបាលជំងឺមហារីកជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន៕
- Video Advertisement -