ក្រុមហ៊ុន Bentley ទិញបច្ចេកវិទ្យាថ្មីបន្ថែម ២ ដើម្បីពង្រឹងសមត្ថភាពផ្នែក AI វិស័យសំណង់
ក្រុមហ៊ុន Bentley Systems បានប្រកាសពីការទិញយកជាបច្ចេកវិទ្យាថ្មី ២ សំខាន់ៗពី ក្រុមហ៊ុន Talon Aerolytics និង ក្រុមហ៊ុន Pointivo ក្នុងគោលបំណងដើម្បីធ្វើទំនើបកម្ម និងពង្រឹងសមត្ថភាព AI ទាក់ទងនឹងការថែទាំបណ្តាញហេដ្ឋារចនាសម្ព័ន្ធជុំវិញពិភពលោក។
ខណៈពេលដែលពិភពលោកកំពុងត្រូវការប្រព័ន្ធ 5G ការងារទាក់ទងនឹងការត្រួតពិនិត្យអង់តែនសេវាទូរសព្ទ និងបង្គោលខ្សែបញ្ជូនអគ្គិសនីគឺជាកិច្ចការដ៏លំបាក។
ដូច្នេះ Bentley កំពុងដោះស្រាយបញ្ហានេះដោយប្រើប្រាស់ដ្រូន (Drones) ដើម្បីថតយករូបភាពដែលមានកម្រិតច្បាស់ខ្ពស់ ដើម្បីបង្កើតជាគំរូនិម្មិត (Digital Twins)។ ប៉ុន្តែ ការទិញយកបច្ចេកវិទ្យាទាំង ២ ខាងលើនឹងធ្វើឱ្យការងារកាន់តែមានប្រសិទ្ធភាព។
Talon Aerolytics: ផ្តល់នូវលំហូរការងារបែប “no-code” (មិនចាំបាច់សរសេរកូដ) ដែលអនុញ្ញាតឱ្យក្រុមការងារគ្រប់គ្រងដំណើរការសិក្សារបស់ម៉ាស៊ីន (Machine Learning) ទាំងមូល។ ជំនាញរបស់ពួកគេគឺការអង្កេតទីតាំង និងការធ្វើឌីជីថលូបនីយកម្មលើទ្រព្យសម្បត្តិក្នុងវិស័យទូរគមនាគមន៍ ខ្សែកាបអុបទិក និងអគ្គិសនី។
ដោយឡែក Pointivo នឹងរួមចំណែកលើសមត្ថភាពកម្រិតខ្ពស់ក្នុងការស្វែងរកការខូចខាតដោយប្រើ AI, ការកំណត់ទីតាំងភូមិសាស្ត្រ និងដំណើរការទិន្នន័យពីដ្រូន។
លំហូរការងារដែលមិនចាំបាច់ប្រើកូដរបស់ Talon អនុញ្ញាតឱ្យក្រុមគ្រប់គ្រងដំណើរការ machine learning ទាំងមូល និងផ្តល់នូវការយល់ដឹងអំពីការត្រួតពិនិត្យដែលដំណើរការដោយ AI។
ការបញ្ចូលគ្នាមានបច្ចេកវិទ្យាទាំងនេះត្រូវបានរំពឹងថានឹង កាត់បន្ថយចំណាយសម្រាប់ប្រតិបត្តិករ ដោយជំនួសកម្លាំងពលកម្មដោយផ្ទាល់មកជាការប្រើប្រាស់ AI។
លើសពីនេះ វាក៏នឹងជួយបង្កើនភាពធន់នៃហេដ្ឋារចនាសម្ព័ន្ធផងដែរ ដោយការត្រួតពិនិត្យដោយ AI អាចរកឃើញកំហូច មុនពេលបញ្ហានោះកើតឡើង ហើយត្រូវដោះស្រាយតាមក្រោយ ។
ក្នុងរយៈពេលត្រឹមតែពីរឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យារបស់ Bentley បានវិភាគអង់តែនសេវាទូរសព្ទជាង ៤០,០០០ បង្គោលរួចមកហើយ។ ដោយរួមបញ្ចូលនូវគំរូអាជីវកម្មដែលជោគជ័យរបស់ Talon និងភាពច្បាស់លាស់ផ្នែកបច្ចេកទេសរបស់ Pointivo ក្រុមហ៊ុន Bentley កំពុងតែដាក់ខ្លួនជា “ស្ថាបត្យករចម្បង” សម្រាប់យុគសម័យឌីជីថលនៃការថែទាំហេដ្ឋារចនាសម្ព័ន្ធ។
- Video Advertisement -