គម្រោងសាងសង់ព្រលានយន្តហោះថ្មីក្នុងទឹកដីភូមិភាគឦសាន ទទួលបានការឯកភាពជាគោលការណ៍
គម្រោងអាកាសយានដ្ឋានថ្មីលើផ្ទៃដីជាង ១,៩០០ ហិកតា ក្នុងស្រុកលំផាត់ នឹងក្លាយជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងទឹកដីភូមិភាគឦសាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីមួយនៅក្នុងខេត្តរតនគិរី ដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងភូមិភាគឦសាន បើយោងតាមការបញ្ជាក់របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក្នុងបទសម្ភាសន៍នាជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ គម្រោងដ៏ធំមួយនេះនឹងត្រូវរៀបចំឡើងនៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ដោយគ្របដណ្តប់លើផ្ទៃដីសរុបជាង ១,៩០៥ ហិកតា។
ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើសមាហរណកម្មខេត្តនៅតាមព្រំដែនឱ្យចូលទៅក្នុងបណ្តាញដឹកជញ្ជូន និងឡូជីស្ទីកជាតិ។ តាមរយៈការបង្កើតឱ្យមានអាកាសយានដ្ឋានទំនើបថ្មីនេះ រដ្ឋាភិបាលមានបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាសម្រស់ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបនៃខេត្តរតនគិរីឱ្យបានកាន់តែច្រើន។ បន្ថែមលើនេះ ព្រលានយន្តហោះថ្មីនេះនឹងដើរតួជាស្ពានចម្លងដ៏សំខាន់សម្រាប់ការដឹកជញ្ជូនកសិផល និងទំនិញនានា ដែលជួយគាំទ្រដល់អាជីវកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា គម្រោងនេះ ត្រូវការរយៈពេល ៣ ទៅ ៤ឆ្នាំ ដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងផលប៉ះពាល់ ក្នុងនោះក៏មានក្រុមហ៊ុនមកពីអាមេរិកចូលរួមសិក្សាផងដែរ។
បច្ចុប្បន្ន គម្រោងនេះស្ថិតក្នុងដំណាក់កាលសិក្សាលម្អិតដើម្បីធានាឱ្យបាននូវនិរន្តរភាពបរិស្ថាន និងលក្ខណៈបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ។ រដ្ឋបាលខេត្តកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ដើម្បីរៀបចំផែនការមេសម្រាប់សមិទ្ធផលប្រវត្តិសាស្ត្រនេះ។ នៅពេលបញ្ចប់ការសាងសង់ ព្រលានយន្តហោះនេះនឹងក្លាយជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ដាច់ស្រយាលឱ្យមានភាពរីកចម្រើន និងបង្កើតភាពរុងរឿងប្រកបដោយសមធម៌សម្រាប់ប្រជាជនក្នុងខេត្តរតនគិរី និងតំបន់ក្បែរខាង។ (អានបន្ថែម)
- Video Advertisement -