គម្រោងស្ដារប្រឡាយរលាំងជ្រៃ និងអាងទឹកតាសាល នៅកំពង់ស្ពឺ សម្រេចបាន ៦០% និង ៩០%
គិតមកដល់ពេលនេះ ការងារស្ដារប្រឡាយមេរលាំងជ្រៃខាងជើង និងការងារជួសជុលប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកតាសា នៅកំពង់ស្ពឺ សម្រេចបាន ៦០ភាគរយ និង៩០ភាគរយ ហើយ។ នេះបើយោងតាមការចុះពិនិត្យគម្រោងដោយផ្ទាល់របស់ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទាំងពីរខាងលើនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បម្រើដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តួយ៉ាងដូចជាទំនប់អាងទឹកតាសាល មានសារៈសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ២ភូមិ នៃឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈដែលទំនប់អាងទឹកមួយនេះ គឺជាទំនប់ការពារ និងគ្រប់គ្រងទឹកជំនន់ ពិសេសបម្រើដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ១២០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៣.៥១៨ហិកតា។
នាឱកាសនោះដែរ ឯកឧត្តម ប៊ុន ហ៊ាន បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នការងារជួសជុលកន្ទុយសំណង់បង្ហៀរនៃទំនប់អាងទឹកតាសាលចំនួន ១កន្លែង ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៩០ភាគរយហើយ។
ក្រៅពីការងារជួសជុលអាងទឹកតាសាល ក្រសួងក៏កំពុងជំរុញស្តារគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយមេរលាំងជ្រៃខាងជើង ដែលរួមមាន៖ ជួសជុលប្រឡាយមេចំនួន១ខ្សែ ប្រវែង ១៤.៥០០ម៉ែត្រ,ជួសជុលថែទាំសិល្បការ្យដែលមានស្រាប់(តូច-ធំ)ចំនួន ២៧កន្លែង, និងការងារសាងសង់សំណង់ថ្មីបន្ថែមចំនួន៣កន្លែងទៀត ដែលបច្ចុប្បន្នសម្រេចបាន ៦០ភាគរយ ហើយ។
គួរបញ្ជាក់ថា ប្រព័ន្ធប្រឡាយនេះ អាចបម្រើដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងឃុំ/សង្កាត់ចំនួន ៦ រួមមាន ឃុំក្រាំងក្រូច សង្កាត់រកាធំ សុព័រទេព វល្លិ៍ ត្រពាំងគង សំបូរ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ម្យ៉ាងប្រភពទឹកក្នុងប្រឡាយនេះ អាចជួយធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាបានចំនួន ២.៤៦៣ហិកតា ស្រូវប្រាំងលើកទី១ចំនួន ២៧៥ហិកតា ស្រូវប្រាំងលើកទី២ចំនួន ២៧៥ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៣០ហិកតា៕
- Video Advertisement -