គម្រោងស្តារគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជាង៣៥% លឿនជាងផែនការ

ត្រឹមរយៈពេល ៨ខែប៉ុណ្ណោះ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចការសាងសង់បានជាង ៣៥,១២ភាគរយហើយ លឿនជាងផែនការកំណត់។

នេះបើតាមការចុះពិនិត្យផ្ទាល់របស់ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមអ្នកបច្ចេកទេសរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី១៨ សីហា ២០២៣។

តាមទិន្នន័យរបស់ក្រសួងបានបង្ហាញថា ចប្ចុប្បន្ន ផ្លូវជាតិលេខ៣៣ បានសម្រេចលទ្ធផលការងារសរុបចំនួន ៣៥,១២% ក្នុងនោះរួមមាន៖ (១) ការងារកាប់ឆ្ការ និងបោសសម្អាត សម្រេចបាន ៥២,៥៧ គ.ម (២) ការងារសាងសង់តួថ្នល់ Sub-grade សម្រេចបាន ៤៩,៨៧ គ.ម និង (៣) ការងារសាងសង់ស្រទាប់គ្រឹះរង Sub-base សម្រេចបាន ៣៧,៦៦ គ.ម។ តួលេខខាងលើបានបង្ហាញថាគម្រោងកំពុងអនុវត្តទៅលឿនជាងផែនការដែលបានគ្រោងទុក៕

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅដើមខែកញ្ញានេះ នឹងមានការ ដឹកនាំក្រុមការងារបច្ចេកទេស ព្រមជាមួយឧបករណ៍ និងម៉ាស៊ីនត្រួតពិនិត្យគុណភាពស្រទាប់គ្រឹះ យកមកធ្វើតេស្ត ដើម្បីធានាឱ្យបានថាគម្រោងសាងសង់ផ្លូវជាតិលេខ៣៣នេះ ត្រូវបានអនុវត្តទៅតាមលក្ខណៈបទដ្ឋានត្រឹមត្រូវ ប្រកបដោយគុណភាព និងអាចប្រើប្រាស់បានយូរអង្វែង។

ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនសាងសង់ ត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ពិសេសគឺសុវត្ថិភាពនៅតាមការដ្ឋាន ដើម្បីបញ្ជៀសឱ្យបាននូវរាល់បញ្ហាដែលអាចបង្កគ្រោះថ្នាក់ដោយយថាហេតុ ដល់ក្រុមការងារសាងសង់ និងពលរដ្ឋធ្វើដំណើរតាមដងផ្លូវនោះ។

គួររំលឹកថា គម្រោងស្តារផ្លូវជាតិលេខ៣៣នេះ គ្រោងចំណាយប្រមាណជាង ៦១លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕ (អានបន្ថែម)

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]