ចិនត្រៀមទុន $១០ពាន់លាន ជំរុញគម្រោងរថភ្លើងរត់ពីចិនដល់សិង្ហបុរីឱ្យក្លាយជាការពិត
មេដឹកនាំកំពូលចិន លោកនាយករដ្ឋមន្ត្រីលី ឈៀង ( Li Qiang ) បានបង្ហើបឱ្យដឹងពីគម្រោងដ៏មហិមាថ្មីមួយ ដែលត្រូវចំណាយថវិកាវិនិយោគប្រមាណ $១០ពាន់លាន ដើម្បីតភ្ជាប់មធ្យោបាយធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ពោលគឺភ្ជាប់ខ្សែរថភ្លើងពីម៉ាឡេស៊ីទៅប្រទេសចិន កាត់តាមប្រទេសថៃ និងឡាវ នេះបើយោងតាមប្រភពពីសារៈព័ត៌មាន Reuters ចុះថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃទៅប្រទេសម៉ាឡេស៊ី ក្នុងឱកាសខួប៥០ឆ្នាំចិន-ម៉ាឡេស៊ីនោះ លោកនាយករដ្ឋមន្ត្រីចិន Li Qiang បាននិយាយថា “ចិនមានឆន្ទៈក្នុងការសិក្សាផែនការពង្រីកគម្រោងផ្លូវដែកដ៏មានមហិច្ឆតា ដើម្បីតភ្ជាប់ផ្លូវដែក East Coast Rail Link (ECRL) តម្លៃ ១០ពាន់លានដុល្លារ របស់ម៉ាឡេស៊ី ទៅកាន់គម្រោងផ្លូវដែកដែលគាំទ្រដោយចិនផ្សេងទៀតក្នុងប្រទេសឡាវ និងថៃ ដែលអាចពង្រីកគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍តែម្តង។”
លោក Li Qiang បានបញ្ជាក់បន្ថែមថា “សំណើគម្រោងនេះ នឹងធ្វើឱ្យខ្សែរថភ្លើងកណ្តាលនៃផ្លូវរថភ្លើង Pan-Asia ដែលរត់ពីទីក្រុងគុនមីងភាគខាងត្បូងក្នុងប្រទេសចិនទៅកាន់ប្រទេសសិង្ហបុរី ក្លាយជាការពិត។”
ថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវដែក ECRL ប្រវែង ៦៦៥ គីឡូម៉ែត្រ ដែលតភ្ជាប់ឧបទ្វីបភាគខាងកើត និងឆ្នេរខាងលិចរបស់ម៉ាឡេស៊ី និងគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៦នេះនោះ លោកនាយករដ្ឋមន្ត្រីចិនបន្ថែមថា “វានឹងជំរុញឱ្យកាន់តែប្រសើរឡើងនូវការសាងសង់ច្រករបៀងពាណិជ្ជកម្មផ្លូវគោក និងសមុទ្រអន្តរជាតិថ្មី បង្កើនការតភ្ជាប់ក្នុងតំបន់ និងការពង្រឹងការកសាងសហគមន៍អាស៊ានឱ្យកាន់តែស៊ីជម្រៅជាងមុន”។
ជាការឆ្លើយតបរដ្ឋាភិបាលម៉ាឡេស៊ីបាននិយាយកាលពីខែមីនា ដើមឆ្នាំនេះ ថា ខ្លួននឹងពិចារណា ពង្រីកគម្រោងដែលគាំទ្រដោយចិនទៅកាន់ព្រំដែនរបស់ខ្លួនជាមួយប្រទេសថៃឡើងវិញ។
គួររំលឹកថា ក្រៅពីដំណើរទស្សនកិច្ចនៅម៉ាឡេស៊ីនេះ លោកនាយករដ្ឋមន្ត្រី Li ទើបនឹងបញ្ចប់ការធ្វើដំណើរទស្សនកិច្ចក្នុងប្រទេសនូវែលសេឡង់ និងអូស្ត្រាលី ខណៈដែលប្រទេសចិនសម្លឹងឃើញពីការពង្រីកឥទ្ធិពល និងការវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចំពេលមានការប្រកួតប្រជែងជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក។ លោកបានជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim នៅក្នុងរដ្ឋធានីរដ្ឋបាល Putrajaya បន្ទាប់ពីលោកបានមកដល់ទីក្រុង Kuala Lumpur កាលពីថ្ងៃអង្គារសម្រាប់ដំណើរទស្សនកិច្ចដើម្បីប្រារព្ធខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
បន្ទាប់ពីកិច្ចប្រជុំបិទទ្វារកាលពីថ្ងៃពុធ លោក Li និងលោក Anwar បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន រួមទាំងការចុះហត្ថលេខាលើការបន្ត “កម្មវិធីកិច្ចសហការចិន-ម៉ាឡេស៊ីរយៈពេលប្រាំឆ្នាំ” ដើម្បីសហការគ្នាក្នុងវិស័យដូចជា ពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហិរញ្ញវត្ថុ។ “កម្មវិធីកិច្ចសហការចិន-ម៉ាឡេស៊ីរយៈពេលប្រាំឆ្នាំ” នេះ ត្រូវបានផ្តួចផ្តើមគំនិតជាលើកដំបូងក្នុងឆ្នាំ ២០១៣ ហើយនឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៨៕
- Video Advertisement -