ចិននាំមុខបច្ចេកវិទ្យា 5G ជាមួយនឹងមូលដ្ឋានជិត៣លានទីតាំង ខណៈតែខេត្ត Zhejiang មួយមានជាង២សែនទីតាំង
ខេត្ត Zhejiang ដែលល្បីល្បាញជាមជ្ឈមណ្ឌលពាណិជ្ជកម្មអេឡិចត្រូនិកនៅភាគខាងកើតប្រទេសចិន បានប្រកាសដោយមោទនភាពអំពីការបង្កើតបណ្តាញដ៏ធំទូលាយមួយដែលមានស្ថានីយ៍មូលដ្ឋាន 5G (កន្លែងផ្គត់ផ្គង់ប្រភពប្រព័ន្ធ 5G) បានជាង ២២0.000 ទីតាំងទូទាំងខេត្ត។ វិវរណៈនេះ ត្រូវបានធ្វើឡើងដោយលោក Li Min អនុប្រធាននាយកដ្ឋានសេដ្ឋកិច្ច និងព័ត៌មានវិទ្យាខេត្ត ក្នុងអំឡុងសន្និសីទអ៊ីនធឺណែតឧស្សាហកម្ម 5G+ ទន្លេយ៉ង់សេ ( Yangtze River Delta) ឆ្នាំ២០២៣ ដែលធ្វើឡើងនៅទីក្រុង Shaoxing ខេត្ត Zhejiang និងចុះផ្សាយដោយ World Internet Conference កាលពីថ្ងៃទី ០៥ ខែ ១២ ឆ្នាំ ២០២៣។
ការប្ដេជ្ញាចិត្តរបស់ចិនក្នុងការប្រែក្លាយខេត្តនេះ Zhejiang ជាខេត្តមានការតភ្ជាប់បណ្តាញអ៊ីនធឺណែតឈានមុខគេ មានបង្ហាញច្បាស់ក្នុងគោលដៅជាយុទ្ធសាស្ត្រមួយនោះគឺ៖ (ចិន) សម្រេចបានគោលដៅ “រាល់អ្នកស្រុក ១0.000 នាក់នៅក្នុងខេត្ត Zhejiang ទទួលបានសេវាប្រើពីចំណោមស្ថានីយមូលដ្ឋាន 5G ជាង ៣៣ កន្លែង។ នេះមានន័យថា យ៉ាងហោចចំណោមប្រជាជនចិន ៣០៣ នាក់ក្នុងខេត្តនេះ មានចិនម្នាក់ មានស្ថានីយមូលដ្ឋាន 5G មួយកន្លែងសម្រាប់ប្រើអ៊ីនធឺណែត។ ស្ថិតិនេះ បង្ហាញពីភាពជោគជ័យដ៏ធំធេងនៃលទ្ធភាពទទួលបានសេវាទំនើបកម្មរបស់ជនជាតិចិន ហើយហេដ្ឋារចនាសម្ព័ន្ធដ៏រឹងមាំនេះ ត្រួសត្រាយផ្លូវសម្រាប់យុគសម័យថ្មីនៃការតភ្ជាប់ និងការច្នៃប្រតិដ្ឋ ដោយកំណត់យកខេត្ត Zhejiang នៅជួរមុខនៃការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសចិនទាំងមូល។
លើសពីនេះ Zhejiang បានជំរុញបង្កើត “រោងចក្រសម្រាប់អនាគត (future factories)” និងអង្គភាពផលិតកម្មឆ្លាតវៃថ្នាក់ខេត្តចំនួន ៦៥៣កន្លែង និងបំពេញបន្ថែមដោយការបង្កើតវេទិកាអ៊ីនធឺណិតសម្រាប់បម្រើក្នុងវិស័យឧស្សាហកម្មកម្រិតខេត្តចំនួន ៥៣៥ ប្រព័ន្ធ។ គំនិតផ្តួចផ្តើមទាំងនេះគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ចិន មិនត្រឹមតែការរីកចំរើនផ្នែកបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងការរួមបញ្ចូលបច្ចេកវិទ្យាឆ្លាតវៃទៅក្នុងដំណើរការឧស្សាហកម្មផងដែរ។
ប្រទេសចិន ដែលជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីនធឺណែតកម្រិត 5G ទូទាំងពិភពលោកបានឈានដល់ដំណាក់កាលដ៏សំខាន់មួយជាមួយនឹងស្ថានីយ៍មូលដ្ឋាន 5G សរុបចំនួន ២,៨៤ លានទីតាំងនៅទូទាំងប្រទេស នៅត្រឹមខែឧសភា ឆ្នាំ ២០២៣ ដោយពង្រឹងជំហររបស់ខ្លួនជាអ្នកត្រួសត្រាយផ្លូវក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏ទូលំទូលាយ និងទំនើបបំផុតរបស់ពិភពលោក។
ក្នុងន័យភាសាបច្ចេកវិទ្យាអ៊ីនធឺណែត ស្ថានីយ៍មូលដ្ឋាន 5G (5G base station) គឺជាឧបករណ៍ ឬបណ្តុំប្រព័ន្ធផលិតស្នូលនៃបណ្តាញ 5G ដែលផ្តល់នូវការគ្របដណ្តប់សេវាឥតខ្សែ និងបើកការបញ្ជូនសញ្ញាឥតខ្សែរវាងបណ្តាញទំនាក់ទំនងតាមខ្សែ និងស្ថានីយឥតខ្សែនៃវិសាលគមបណ្តាញអ៊ីនធឺណែតទាំងមូល។ ស្ថានីយ៍មូលដ្ឋាន 5G ដែលពេលខ្លះគេហៅថាជា gNB គឺជាឧបករណ៍បញ្ជូនស្ថានីដែលបម្រើជាមជ្ឈមណ្ឌលចម្បងសម្រាប់ការទំនាក់ទំនងឧបករណ៍ឥតខ្សែ។ វាភ្ជាប់ឧបករណ៍ទៅឧបករណ៍ ឬបណ្តាញផ្សេងទៀតដោយប្រើខ្សែកាបអុបទិក ឬខ្សែដែលមានកម្រិតបញ្ជូនខ្ពស់។ វាគឺជាទីតាំងដើម សម្រាប់ប្រើដើម្បីផលិតសេវាអ៊ីធឺណែតកម្រិត 5G និងសម្រាប់បញ្ជូនទៅប្រើប្រាស់នៅតាមបណ្តាញផ្សេងៗទៀត។ ស្ថាបត្យកម្មស្ថានីយ៍មូលដ្ឋាន 5G គឺជាការកែលម្អយ៉ាងធំធេងលើស្ថាបត្យកម្មអ៊ីនធឺណែតមុនៗ ដូចជាកម្រិតសេវាអ៊ីនធឺណែត 3G និង4G ជាដើម ដែលអនុញ្ញាតឱ្យកម្មវិធីទំនើប និងគាំទ្រកម្មវិធីដែលត្រូវការថ្មីៗនៃសម័យឌីជីថល។
ឥទ្ធិពលនៃវឌ្ឍនភាពបច្ចេកវិទ្យានេះ ទៅលើសង្គម សេដ្ឋកិច្ច និងវប្បធម៌របស់មនុស្សជាតិគឺមានទំហំធំធេងណាស់។ ល្បឿនសេវាលឿនខ្លាំង និងការបង្កើនប្រសិទ្ធភាពនៃការបញ្ជូនទិន្នន័យ ផ្តល់អំណាចដល់វិសាលគមនៃកម្មវិធីដែលប៉ះពាល់លើគ្រប់ទិដ្ឋភាពនៃជីវិតរបស់មនុស្ស។ ពីបដិវត្តន៍ឧស្សាហកម្ម និងសេដ្ឋកិច្ច ជាពិសេសការប្រើបច្ចេកវិទ្យានេះ ក្នុងការគ្រប់គ្រង វិភាគទិន្នន័យ និងធ្វើទស្សនីយកម្មវិស័យអចលនទ្រព្យ ដល់ការបង្កើតបទពិសោធន៍វប្បធម៌តាមរយៈការរបៀបមនុស្សគិត ធ្វើការ និងរស់នៅ ឥទ្ធិពលនៃបច្ចេកវិទ្យា 5G នេះ នឹងបង្កើតស្រទាប់សង្គមមនុស្សថ្មី គឺសង្គមមនុស្សឌីជីថល៕
- Video Advertisement -