ចិនមានគម្រោងសង់ផ្លូវឆ្លងទ្វីបប្រហែល ៦០០០គីឡូម៉ែត្រទៅអាល់ហ្សេរី (អាហ្វ្រិកខាងជើង)
ក្រោមមហិច្ឆតាពង្រីកដែនឥទ្ធិពលនយោបាយនិងទាញយកសក្តានុពលធនធានធម្មជាតិក្រៅប្រទេសមកចិញ្ចឹមសេដ្ឋកិច្ចរបស់ខ្លួន មហាអំណាចចិនបានរៀបចំសាងសង់ផ្លូវរថភ្លើងឆ្លងទ្វីបមួយខ្សែប្រវែង ៦០០០ គីឡូម៉ែត្រ ភ្ជាប់ភាគខាងលិចប្រទេសចិនទៅដល់ប្រទេសអាល់ហ្សេរី។ គម្រោងនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ www.africanews.com នៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ គឺជាសក្ខីភាពមួយចំពោះកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយបណ្តាប្រទេសនានាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative (BRI)) ដែលជាគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្មសកលរបស់ប្រទេសចិន។
ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune ស្វាគមន៍ចំពោះសំណើគម្រោងនេះ និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះថាជាមូលដ្ឋានគ្រឹះនៃការរីកចម្រើនរបស់ប្រទេស របស់គាត់។ លោកប្រធានាធិបតី Tebboune បានប្រកាសថា “គោលបំណងនៃភាពជាដៃគូអភិវឌ្ឍគម្រោងយក្សនេះ គឺដើម្បីជួយសម្រួលដល់សកម្មភាពរុករកនិងដឹកជញ្ជូនរ៉ែ លើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងអន្តរប្រទេសនិងអន្តរតំបន់ និងបង្កើតភាពរឹងមាំសេដ្ឋកិច្ចនៅក្នុងប្រទេសអាល់ហ្សេរីផងដែរ”។
គម្រោងផ្លូវដែកប្រកបដោយចក្ខុវិស័យនេះ គាំទ្រដោយអ្នកជំនាញបច្ចេកទេសរបស់ចិន នឹងភ្ជាប់អន្តរកម្មសេដ្ឋកិច្ច រវាងទីក្រុង និងតំបន់នានារបស់ប្រទេសអាល់ហ្សេរី។ នៅពេលសាងសង់រួចរាល់ គម្រោងនេះ មិនត្រឹមតែបង្កើនការចល័តក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតាលីករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅទូទាំងប្រទេសអាហ្វ្រិកផ្សេងទៀតជាច្រើនផងដែរ។
គួរបញ្ជាក់ថាការប្រកាសរបស់លោកប្រធានាធិបតី Tebbouneនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះរបស់លោកទៅកាន់ប្រទេសចិន ក្នុងអំឡុងពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ដែលគ្របដណ្តប់លើវិស័យផ្សេងៗ រួមទាំងវិស័យអភិវឌ្ឍលំហអាកាស កសិកម្ម ថាមពល ការដឹកជញ្ជូនផ្លូវដែក វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ភាពជាដៃគូចិន-អាល់ហ្សេរី លេចចេញជាសញ្ញានៃវឌ្ឍនភាព និងការតភ្ជាប់ក្នុងតំបន់ ពង្រឹងជំហររបស់អាល់ហ្សេរីជាមជ្ឈមណ្ឌលសម្រាប់ពាណិជ្ជកម្ម កំណើនសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
- Video Advertisement -